• Today: December 03, 2024

លោក ស សុខា បានចាត់ទុកថា៖ ការផ្សព្វផ្សាយព័ត៌មានប្រមាថជីវិតក្នុងសមរភូមិនយោបាយជាគំរូអវិជ្ជមាន និងអសីលធម៌!

 

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះ បានចាត់ទុកថា "ការផ្សព្វផ្សាយព័ត៌មានប្រមាថជីវិតក្នុងសមរភូមិនយោបាយជាគំរូអវិជ្ជមាន និងអសីលធម៌!"។ 


រដ្ឋលេខាធិការវ័យក្មេងរូបនេះ បានសរសេរថា ក្នុងនាមខ្ញុំជាយុវជន និងក៏ជាអ្នកនយោបាយជំនាន់ក្រោយមួយរូបផងនោះ ខ្ញុំគិតថា "ការធ្វើនយោបាយដោយយកវិធីប្រមាថជីវិត ការកាត់តរូបភាពក្ដី វីដេអូក្ដី ភ្ជាប់ដោយខ្លឹមសារអកុសលដល់ថ្នាក់ដឹកនាំប្រទេសមួយ និងជាដៃគូនយោបាយរបស់ខ្លួន មកលើសម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារជារឿយៗ គឺជាគំរូអវិជ្ជមាន នាំឱ្យដានប្រេះឆានៅដក់ជាប់សម្រាប់អ្នកនយោបាយជំនាន់ក្រោយ ដែលជាបច្ច័យអាក្រក់នៃជាតិយើង"។ 
លោក ស សុខា បានបន្តទៀតថា ការប្រើយុទ្ធវិធីដដែលៗបែបនេះ ខ្ញុំឃើញថា "មិនដែលមានប្រសិទ្ធភាពម្ដងណានោះទេ។ ផ្ទុយទៅវិញ វាគឺជាសម្ពាធបង្ខំចិត្តដល់ដៃគូរជាភាគីរងគ្រោះឱ្យឆ្លើយតបតាមមធ្យោបាយសមស្របក្នុងសិទ្ធិការពារខ្លួនត្រឡប់ទៅវិញ។ ពោលគឺជម្លោះផ្លូវអារម្មណ៍ ផ្លូវចិត្ត ផ្លូវកាយ ក្លាយជារ៉ាំរ៉ៃរកថ្ងៃបញ្ចប់គ្មាន"។ 
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា "ដោយស្មោះត្រង់ ខ្ញុំពិតជាមិនគាំទ្រ និងមិនអាចទទួលយកបានឡើយចំពោះការប្រើពាក្យពេចន៍ និងរូបភាពប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជានោះទេ"។ 
លោក ស សុខា បានសរសេរទៀតថា "ចរន្តនៃការប្រមាថលើសម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ដែលរៀបចំជាប្រព័ន្ធ ដើម្បីធ្វើជាឧបករណ៍នយោបាយបែបនេះ ទោះខ្ញុំមិននិយាយ ក៏មហាជនអាចវាយតម្លៃបានថា ជាអំពើអសីលធម៌មិនអាចទទួលយកបានដែរ និងមិនមែនជាមេរៀនដែលអ្នកជំនាន់ក្រោយ ត្រូវរៀនសូត្រតាមក្នុងតម្រាវប្បធម៌អរិយធម៌ខ្មែរ និងច្បាប់សង្គមនោះឡើយ"។ 
លោក ស សុខា៖ សម្រាប់ខ្ញុំផ្ទាល់ ទង្វើនេះជាយុទ្ធវិធីនយោបាយអវិជ្ជមានធ្ងន់ធ្ងរ និងអវិជ្ជា ដែលសាបព្រោះតែបែបអបមង្គល ធ្វើឱ្យបរទេសវាយតម្លៃជារួមលើកម្ពុជា។ សំណូមពរក៏បាន សូមកុំយកជាគំរូ និងសូមបញ្ឈប់ ដោយងាកមកប្រើយុទ្ធវិធីប្រកួតប្រជែងប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ដោយស្គាល់ច្បាស់នូវព្រំដែននៃសិទ្ធិសេរីភាពបញ្ចេញមតិ។ពោលគឺ គួរបែងចែករវាងទិដ្ឋភាពនយោបាយ និងក្របខណ្ឌឯកជនភាពនៃបុគ្គល។ ជារួម បើយុទ្ធវិធីចាស់មិនឈ្នះ គប្បីផ្លាស់ប្រើវិធីថ្មីដែលត្រឹមត្រូវ!៕

Tags

Comment