ក្រចេះ៖ ប្រតិបត្តិយ៉ាងក្តៅគគុកក្នុងការបង្ក្រាបបទល្មើសកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ការពារដែនជម្រកសត្វព្រៃ «ព្រៃឡង់» របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គិតចាបើពីថ្ងៃទី២៤រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ កម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនមនុស្ស ចំនួន១២នាក់ រថយន្តវ៉េអង (សណ្តោងរ៉ឺម៉ក) ចំនួន០៧គ្រឿង គោយន្តកន្ត្រៃ ចំនួន១៣គ្រឿង ឈើចម្រុះប្រមាណ៣០០ម៉ែតគូប ព្រមទាំងវត្ថុតាងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើជាច្រើនទៀត។
យោងតាមរបាយការណ៍របស់ក្រុមការងារគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រឹបអូសឈើហ៊ុបមូល ចំនួន ១៨២កំណាត់ ស្មើនឹង២២៥ម៉ែត្រត្រីគុណ៩៥៥ កូនឈើចម្រុះ ចំនួន១៣ដើម ឈើប្រភេទលេខ១ សរុបចំនួន ២២៤ដុំ ស្មើនឹង៦៣ម៉ែត្រត្រីគុណ៦៧២ ឈើប្រភេទលេខ២ ចំនួន ៩០៨សន្លឹកស្មើនឹង៣៥ម៉ែត្រត្រីគុណ២៤៣ សសរចំនួន ០៨ដើមស្មើនឹង ៣ម៉ែត្រត្រីគុណ ២០១ វត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ។ ក្នុងប្រតិបត្តិការនោះ ឃាត់រថយន្តសណ្តោងរ៉ឺម៉ក វ៉េអង ចំនួន០៧គ្រឿង គោយន្តកន្ត្រៃ ចំនួន១៣គ្រឿង ម៉ូតូ ០១គ្រឿង ប្រេងសាំង៣០លីត្រ រណារយន្ត ០៥គ្រឿង កៅឡាក់១៤គ្រាប់ និងឃាត់ខ្លួនមនុស្ស ចំនួន១២នាក់ ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ។
របាយការណ៍បានឱ្យដឹងទៀតថា ក្រុមការងារបង្ក្រាបនៅខេត្តក្រចេះ ឃាត់គោយន្ដកន្ដ្រៃ ចំនួន ១៣គ្រឿង មនុស្ស ចំនួន១១នាក់ ដឹកឈើអារលេខ១ ឈ្លីក សុក្រម ត្រសេក សរុបចំនួន៨៧ដុំ ស្មើ២៣ម៉ែត្រត្រីគុណ ៦២៨ រណាយន្ត ចំនួន០៤គ្រឿង និងកៅឡាក់ ចំនួន១៤គ្រាប់។ ចំពោះមនុស្ស និងវត្ថុតាងប្រគល់ជូនរដ្ឋបាលព្រៃឈើដើម្បីបន្តនីតិវិធី។ ក្នុងឃាត់រថយន្តវ៉េអង ចំនួន០២គ្រឿង ដឹកឈើអារលេខ១ ប្រភេទឈ្លីក ចំនួន១១១ដុំ ស្មើ៣៦ម៉ែត្រត្រីគុណ ០៤៤ នៅក្នុងក្រុមហ៊ុន «ស៊ីង បាយអូថេក» ឃាត់រថយន្តវ៉េអងចំនួន០៤គ្រឿង ដឹកឈើហ៊ុបមូល ចំនួន៥២កំណាត់ ស្មើនឹង ១១៧ម៉ែត្រត្រីគុណ៣៧៧ នៅក្នុងក្រុមហ៊ុន «ស៊ីង បាយអូថេក» និងបានរុករកឃើញគំនរឈើមួយកន្លែងទៀត រឹបអូសឈើហ៊ុបមូល ចំនួន១៣០កំណាត់ ស្មើនឹង១០៨ម៉ែត្រត្រីគុណ៥៧៨ និងកូនឈើចម្រុះ១៣ដើម។
របាយការណ៍របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឱ្យដឹងទៀតថា នៅខេត្តស្ទឹងត្រែង ជាលទ្ធផលចាប់រថយន្តវ៉េអងដឹកឈើ០១គ្រឿង ដកហូតឈើ ចំនួន ៤៦៣សន្លឹកស្មើនឹង២១ម៉ែត្រត្រីគុណ១៩៩ និងសសរចំនួន០៨ដើមស្មើនឹង៣ម៉ែត្រត្រីគុណ២០១។ ក្នុងប្រតិប្តិការនោះ រឹបអូសឈើខុសច្បាប់ចំនួន០៦ទីតាំង មាន៥ទីតាំងអញ្ញត្តិជន សរុបចំនួន៤២៩សន្លឹកស្មើនឹង ១៣ម៉ែត្រត្រីគុណ១៤៤ រួមមាន៖ ប្រភេទឈើកកោះចំនួន ១៦១សន្លឹកស្មើនឹង៥ម៉ែត្រត្រីគុណ៦៤០ ,ឈើទាលចំនួន១៦៨សន្លឹកស្មើនឹង៤ម៉ែត្រត្រីគុណ៧០៤ ឈើដួងចែមចំនួន១០០សន្លឹកស្មើនឹង ២ម៉ែត្រត្រីគុណ៨០០ វត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ និងមួយទីតាំងជារបស់ឈ្មោះ សែន ឈឹម មុខរបរកសិករ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង។ ចំណែកឈើ និងសសរចំនួន៨៥ម៉ែត្រត្រីគុណ នៅក្រោមផ្ទះប្រជាពលរដ្ឋ ចំនួន១២គ្រួសារ គឺសម្រាប់សាងសង់ផ្ទះ លោកមេឃុំជាអ្នកធានា និងធ្វើកិច្ចសន្យាជូនប្រជាពលរដ្ឋ។
គោលដៅទី៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ សមត្ថកិច្ចរឹបអូសឈើប្រភេទលេខ១ បានចំនួប២៦ដុំ ស្មើនឹង០៤មែត្រត្រីគុណ ម៉ូតូ ០១គ្រឿង ប្រេងសាំង ៣០លីត្រ រណាយន្ត០១គ្រឿង វត្ថុតាងប្រគល់ជូនជំនាញបរិស្ថាន។
សកម្មការពារព្រៃឈើ បានថ្លែងថា ក្នុងរយៈពេលថ្មីនេះ ក្នុងភូមិសាស្ត្រឃុំចាម ស្រុកសំបូរ ខេត្តករចេះ ដែលជាតំបន់ការពារដែនជម្រកសត្វព្រៃ «ព្រៃឡង់» គ្រប់គ្រងដោយលោក ប៉ោក ខន ជានាយកដែនសត្វព្រៃឡង់ ស្រុកសំបូរ បានឃុបឃិតជាឈ្មួញធំៗបើកភ្លើងខៀវឱ្យប្រជាពលរដ្ឋ ចូលអាកាត់ឈើយ៉ាងរង្គាលក្នុងតំបន់ស្នូលរួចដកជញ្ជូនចូលមកលក់ឱ្យក្រុមហ៊ុន «ស៊ីង បាយអូថេក» រងចាំទទួលទិញក្នងមួយម៉ែត្រគូបតម្លៃ៤០ទៅ៥០ម៉ឺនរៀល។
សកម្មជនការពារព្រៃឈើ បានឱ្យដឹងទៀតថា ក្រុមហ៊ុន ស៊ីង បាយអូថេក (Think-Biotech Co.,Ltd) មានទីតាំងជាប់ព្រំប្រទល់នឹងដែនជម្រសត្វព្រៃ «ព្រៃឡង់» បានមមាញឹកប្រមូលទិញឈើគ្រប់ប្រភេទដែលមេការក្រុមហ៊ុននេះ បានកៀងគរប្រជាពលរដ្ឋឱ្យចូលកាប់ឈើយ៉ាងរង្គាល ក្នុងតំបន់ស្នូលព្រៃឡង់រួមក្រុមហ៊ុនរងចាំទទួលទិញដើម្បីក្លែងបន្លំរូបភាពជាឈើស្របច្បាប់របស់ក្រុមហ៊ុន ស៊ីង បាយអូថេក តាមរយៈការឃុបឃិតគ្នាជាបណ្តាញជាមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ សកម្មជនព្រៃឈើ បានឱ្យដឹងទៀតថា ក្រុមហ៊ុន ស៊ីង បាយអូថេក (Think-Biotech Co.,Ltd) សហការ និងផ្គត់ផ្គង់ឈើឱ្យក្រុមហ៊ុន អង្គផ្លាយវូត ដែលទទួលសិទ្ធក្នុងការនាំឈើចេញទៅលក់នៅបរទេសធំជាងគេបំផុតនៅកម្ពុជា។
ក្រោយពីទទួលបានរបាយការណ៍ ស្តីពី សកម្មភាពឧក្រិដ្ឋកម្មព្រៃឈើយ៉ាងរង្គាល ក្នុងតំបន់ការពារព្រៃឡង់ ក្នុងភូមិសាស្រ្តស្រុកសំបូរ ខេត្តក្រចេះ ដោយគ្មានការទប់ស្កាត់ពីសំណាក់មន្ត្រីជំនាញ និងអាជ្ញាធរថ្នាក់ស្រុក និងខេត្ត នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបទបញ្ជាដ៏ម៉ឺងមាត់ឱ្យលោកឧត្តមសេនីយ៍ទោ ស សុះបូរធន់ នាយសេនាធិការអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំកម្លាំងអន្តរាគមន៍ ចំនួន១៥០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ក្រោមការមើលផ្ទាល់ពីលោកឧត្តមសេនីយ៍ ហុង វីណុល មេបញ្ជាការរង។ បើចាំបាច់ត្រូវរពាសដែកហើយត្រូវចុះខ្ទប់ និងបង្ក្រាបក្រុមឈ្មួញដែលកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ឱ្យអស់។ បទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា បើក្រុមជនប្រព្រឹត្តបទល្មើសព្រៃមានអាវុធតដៃបាញ់កម្ទេចចោលដោយមិនចាំបាច់រងចាំបទបញ្ជាការខាងណាឡើយលោកជាអ្នកទទួលខុសត្រូវធ្វើទៅ។
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញ និងកត់សម្គាល់ការផ្តល់មតិ “Comments” ក្នុងបណ្ដាញព័ត៌មានសង្គម មានបុគ្គលខ្លះគាំទ្រ បញ្ចេញមតិក្នុងន័យស្ថាបនា និងបុគ្គលខ្លះទៀតបានបញ្ចេញមតិក្នុងន័យចំអក រិះគន់ ចោទប្រកាន់... យើងខ្ញុំទទួលយករាល់ការបញ្ចេញមតិទាំងអស់ ដើម្បីរក្សាការពារព្រៃឈើឱ្យបានគង់វង្ស។ អ្នកនាំពាក្យគណៈកម្មការជាតិ សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា កិច្ចប្រតិបត្តិការនេះ បានបង្ក្រាប និងរឹបអូសឈើប្រភេទលេខ១សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន០៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន០៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួន០១គ្រឿង កៅឡាក់១៤គ្រាប់។ ជាមួយគ្នា ឃាត់ខ្លួនជនដែលពាក់ព័ន្ធ ចំនួន១២នាក់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើបន្តនីតិវិធី។
សូមបញ្ជាក់ថា «ព្រៃឡង់» គឺជាតំបន់ការពារជីវៈចម្រុះសត្វព្រៃ ព្រៃឈើ ដ៏ធំជាងគេក្នងតំបន់អាស៊ី អាគ្នេយ៍ដែលគ្របដណ្តប់ចំនួន០៤ខេត្ត រួមមាន៖ ខេត្តក្រចេះ ,ស្ទឹងត្រែង ,កំពង់ធំ និងព្រះវិហារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងសហគមអន្តរជាតិបានយកចិត្តទុកដាក់ការពារផងដែរ៕
Comment