ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រធាននាយកដ្ឋានស្រាវជ្រាវ និងចារកិច្ច នៃក្រសួងការពារជាតិ ជាមេបញ្ជាការរង បញ្ជាការការដ្ឋានកងទ័ពជើងគោក បានថ្លែងថា "កន្លងមកមូលដ្ឋានសមុទ្ររាម បានរងការវាយប្រហារ និងចោទប្រកាន់ពីខាងក្រៅ ពាក់ព័ន្ធការធ្វើទំនើបកម្មរបស់ខ្លួន"។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងយ៉ាងដូច្នេះ ខណៈពេលចុះទៅបញ្ជាការដ្ឋានកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម ដើម្បីចុះសួរសុខទុក្ខ និងពាំនាំអាវភ្លៀង និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់កងទ័ពជើងទឹក និងកងកម្លាំងឈរជើងនៅរាម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រធាននាយកដ្ឋានស្រាវជ្រាវ និងចារកិច្ច នៃក្រសួងការពារជាតិ ជាមេបញ្ជាការរង បញ្ជាការការដ្ឋានកងទ័ពជើងគោក បានថ្លែងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើការសួរសុខទក្ខ ជូនកងកម្លាំងយើងទាំងអស់។ សម្តេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំង និងក្រុមគ្រួសារជាប្រចាំ។
លោកឧត្តមសេនីយ៍ បានបន្តទៀតថា "កន្លងមកមូលដ្ឋានសមុទ្ររាម បានរងការវាយប្រហារ និងចោទប្រកាន់ពីខាងក្រៅ ពាក់ព័ន្ធការធ្វើទំនើបកម្មរបស់ខ្លួន។ សម្តេចតេជោ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមប្រាក់ សុខុន បានបកស្រាយ និងពន្យល់ជាច្រើនដង អំពីហេតុផល និងគោលបំណងរបស់កម្ពុជាលើបញ្ហានេះ"។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា "គោលបំណងរបស់យើង គឺការធ្វើទំនើបកម្មកងទ័ព មិនថាជើងទឹក ជើងអាកាស ឬ ជើងគោក ដើម្បីពង្រឹងសមត្ថភាពកងទ័ព និងឃឿនការពារជាតិកម្ពុជា ធានាការពារសន្តិសុខទាំងក្នុងប្រទេស និងតំបន់" យើងគ្មានគោលបំណងអ្វីផ្សេងដូចការចោទប្រកាន់ពីខាងក្រៅទេ។ ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល បានកំពុងធ្វើការកំណែទម្រង់លើគ្រប់វិស័យ ដើម្បីធានាដល់ផលប្រយោជន៍ជាតិ និងប្រជាជន ហើយជាពិសេសការធ្វើទំនើបកម្មកងទ័ព គឺស្របតាមគោលនយោបាយការពារជាតិរបស់កម្ពុជា។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់កងទ័ពយើងទាំងអស់ ដែលបានខិតខំបំពេញការងារ ការពារជាតិមាតុភូមិ ចូលរួមសកម្មភាពសង្គម ជាពិសេសបានបង្កើតភាពជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ និងបានចូលរួមចាក់វ៉ាក់សាំង ជូនប្រជាជនបង្កើតភាពសុំាក្នុងសហគមន៍។ មុនលេចឡើងនូវយុទ្ធនាការចាក់វ៉ាក់សាំងនេះ សម្តេចពិជ័យសេនា បានរាយការណ៍ជូនសម្តេចតេជោ អំពីលទ្ធផល និងប្រសិទ្ធភាព ក្រោយសម្តេចពិជ័យ បានចាក់វ៉ាក់សាំងសាកល្បងរួចហើយ នេះបានបង្ហាញពីការលះបង់របស់ថ្នាក់ដឹកនាំ ដើម្បីសុខទុក្ខរបស់ប្រជាជន។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា "កងទ័ព គឺត្រូវស្តាប់បទបញ្ជាថ្នាក់លើ ហើយត្រូវខំប្រឹងប្រែងសម្រេចឱ្យបានជោគជ័យនូវកិច្ចការ ដែលប្រគល់ជូន។ កងទ័ពត្រូវអព្យាក្រឹត ដាច់ខាតការពារសន្តិភាព ការពាររាជរដ្ឋាភិបាល"៕
Comment