• Today: November 21, 2024

ចំណាយថវិកាជាង២លានដុល្លារអាមេរិក ក្នុងដំណើរការនៃការសាងសង់មជ្ឈមណ្ឌលសំចតនៅក្រុងប៉ោយប៉ែត

 

ខេត្តបន្ទាយមានជ័យ៖ លោក វង សូត បានថ្លែងអំណរគុណចំពោះភាគីថៃដែលបានចំណាយថវិកាជាង២លានដុល្លារអាមេរិកក្នុងដំណើរការនៃការសាងសង់មជ្ឈមណ្ឌលសំចតនៅក្រុងប៉ោយប៉ែត ដើម្បីទទួលបងប្អូនពលកររងគ្រោះដោយអំពើជួញដូរមនុស្សនិងជនងាយរងគ្រោះដទៃទៀត។
​​    លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងអំណរគុណចំពោះភាគីថៃដែលបានជួយជ្រោមជ្រែងទាំងថវិកាក្នុងដំណើរការនៃការសាងសង់ផ្នែកបច្ចេកទេស សម្ភារទៅតាមស្តង់ដារ ដើម្បីទទួលបងប្អូនពលកររងគ្រោះដោយអំពើជួញដូរមនុស្សនិងជនងាយរងគ្រោះដទៃទៀតបានស្នាក់នៅនិងសិក្សារៀនសូត្រមុខជំនាញដើម្បីយកទៅបង្កើតរបរចិញ្ចឹមជីវិត។
   ការថ្លែងនេះគឺនៅក្នុងឱកាសដែលលោករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យមើលការសាងសង់មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងជនងាយរងគ្រោះដទៃទៀតនៅក្នុងក្រុងប៉ោយប៉ែតនាថ្ងៃទី០៩ ខែសីហា  រួមនឹងប្រតិភូអមដំណើរ ដោយមានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងអភិបាលក្រុងប៉ោយប៉ែត។ 
   នាឱកាសនោះ លោកក៏បានណែនាំ ដល់មន្ត្រីទាំងអស់ត្រូវផ្តល់សេវានេះជូនដល់ពលរដ្ឋដែលរងគ្រោះមកទទួលសេវានៅទីនេះឱ្យបានល្អនិងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អ ដោយមិនត្រូវគិតផលប្រយោជន៍ផ្ទាល់ខ្លួនជាធំនោះឡើយ។
   បើតាមការឱ្យដឹងពីលោកស្រី ឈា ម៉ានិត ប្រធានមណ្ឌលសំចតក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ គម្រោងសាងសង់មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរ មនុស្ស និងជនងាយរងគ្រោះដទៃទៀត មានទីតាំងស្ថិតនៅក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងនេះមុននឹងចាប់ផ្តើមការសាងសង់ ភាគីទាំងពីរគឺរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានរៀបចំបង្កើតគណៈកម្មាធិការដើម្បីជួបប្រជុំគ្នាចុះត្រួតពិនិត្យស្ថានភាពការដ្ឋានសាងសង់ជាប្រចាំរៀងរាល់មួយខែម្តងនសប្តាហ៍ទី៣នៃខែ។ 
   លោកស្រីបន្តថា៖ ការសាងសង់មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះជាជំនួយឥតចំណងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ចំនួនទឹកប្រាក់ (២,១៩៩,៩២០ដុល្លារសហរដ្ឋអាមេរិក)។គម្រោងសាងសង់នេះមានរយៈពេល១ឆ្នាំ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដែលមានទំហំផ្ទៃដីសរុប ៩,៧៦៨ម៉ែត្រការ៉េ(បណ្តោយ១០១,៣៩ម ទទឹង៩៦.៣៤ម)។
   លោកស្រី ឈា ម៉ានិត ប្រធានមណ្ឌលសំចត ក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀតថា៖ ការទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងជនងាយរងគ្រោះដទៃទៀតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ការទទួលពលករពលការិនីកម្ពុជាបញ្ជូនមកពីប្រទេសថៃក្នុង១ថ្ងៃ ជាមធ្យម ៥០នាក់។ ដោយឡែកការទទួលជនរងគ្រោះបញ្ជូនមកពីប្រទេសថៃក្នុង១ខែជាមធ្យម១០នាក់។ ក្នុងនោះដែរមជ្ឈមណ្ឌល ក៏មានជំនាញវិជ្ជាជីវៈចំនួន៥ រួមមាន ៖ ជំនាញកាត់ដេរ, ជំនាញសាឡន, ជំនាញធ្វើម្ហូប/បង្អែម, ជំនាញអគ្គិសនីនិងទឹកនិងជំនាញម៉ាស៊ីនត្រជាក់ផងដែរ ៕


Tags

Comment