• Today: November 21, 2024

ក្រុមគ្រួសារជនត្រូវចោទម្នាក់ ដែលស្លា..ប់ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ សង្ស័យពាក់ព័ន្ធការប្រើអំពើហិង្សា បានស្នើសុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ដើម្បីផ្តល់ភាពយុត្តិធម៌


កំពង់ស្ពឺ៖ ក្រុមគ្រួសារសពជនត្រូវចោទម្នាក់ ដែលបានសម្លាប់ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ បានស្លាកស្នមបែកមាត់ និងស្នាមជាំលើដៃ ជើង និងដងខ្លួន ជាច្រើនកន្លែងទៀត សង្ស័យទទួលរងការធ្វើទារុណកម្ម បានស្នើសុំការអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីផ្តល់នូវភាពយុត្តិធម៌ដល់ពួកគាត់។ 


នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ គណនីហ្វេសប៊ុកឈ្មោះ ប្រូ សុខម៉េង ត្រូវជាប្អូនរបស់ជនរងគ្រោះ បានសរសេរសារយ៉ាងដូច្នេះថា "យើងខ្ញុំជាជនរងគ្រោះនៃសពសូមរដល់សម្ដេចពុកព្រមទាំងថ្នាក់ដឹកនាំទាំងអស់សូមមេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់បងប្រុស និងកូនជាទីស្រឡាញ់ដោយប៉ូលីសស្រុកឧដុង្គ បានចាប់យកទៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ លុះព្រឹកឡើងថ្ងៃទី១៤ ខែមិនថុនា ឆ្នាំ២០២៣ ប៉ូលីសតេមកឱ្យក្រុមគ្រួសារខ្ញុំទៅយកសពពេលដែលក្រុមគ្រួសារខ្ញុំទៅយកសពក៏មានស្នាក់ស្នាមនៅលើរូបរាង្គកាយ ដូចជាបែកមាត់ បាក់ធ្មេញ ជាំលើដងខ្លួន"។ 
គណនីហ្វេសប៊ុកខាងលើ បានសរសេរទៀតថា "ដូចច្នេះហើយក្រុមគ្រួសារនៃសពមិនអស់ចិត្តសូមឱ្យសម្ដេចពុក និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសារនៃសពផង។ បញ្ជាក់ដើមបណ្ដឹងទាខ្ញុំ ៥ ០០០ដុល្លារ តែខ្ញុំសុំឱ្យគាត់ ១ ០០០ដុល្លារ តែគាត់មិនព្រមយក។ ខ្ញុំសូមទោសផងម្សិលមិញ ខ្ញុំសរេសរពាក្យខុសមិនមែនប៉ូលីសនាក់ទាទេ គឺដើមបណ្ដឹងអ្នកទាចំនួនលុយ ៥ ០០០ដុល្លារ"។ 
ពាក់ព័ន្ធករណីនេះ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមជម្រាបជូនសាធារណជនជ្រាប ពិសេសអ្នកនិយមលេងបណ្ដាញសង្គមអំពីករណីឈ្មោះ មន មឿន ស្លាប់នៅលើរថយន្តពេលមន្រ្ដីអនុរក្សពន្ធនាគារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ បន្ទាប់ពីរអិលដួលក្នុងបន្ទប់។ 
ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបំភ្លឺទៀតថានឈ្មោះ មន មឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទីលំនៅមុនពេលឃុំខ្លួន ភូមិធ្លាចាស់ សង្កាត់វាលពន់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ជាជនជាប់ចោទ និងត្រូវបានចៅក្រមចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន  ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ  ពាក់ព័ន្ធពីបទរំលោភ ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ភូមិធ្លាចាស់ សង្កាត់វាលពន់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ តាមដីកាលេខ ៧៣៤ លោក លឹម មករន្ទ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ 


តាមការពិនិត្យសាកសព និងការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត លាភ សោភណ្ឌ គ្រូពេទ្យកោសល្យវិច័យខេត្ត សពស្លាប់ដោយគាំងបេះដូង។ សពត្រូវការអនុញ្ញាតពីតំណាងអយ្យការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។ 
ព័ត៌មានដែលបង្ហោះតាមបណ្ដាញសង្គមដោយលេីកឡេីងថា សពស្លាប់នៅពេលសមត្ថកិច្ចនគរបាលសាកសួរ និងធ្វេីទារុណកម្មដោយអំពេីហឹង្សា គឺពុំមែនជាការពិតនោះទេ ការបញ្ចេញសារបែបគ្មានប្រភពព័ត៌មានជាក់លាក់នាំឲ្យមហាជនមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្ដិយសសេចក្ដីថ្លៃថ្នូរកងកំលាំងមានសមត្ថកិច្ច ពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធយុត្ដិធម៌នៅកម្ពុជា លេីការអនុវត្ដការបំពានសិទ្ធិជនសង្ស័យក្នុងតំណាក់មន្រ្ដីយុត្ដិធម៌ ដូច្នេះសូមម្ចាស់គណនីហ្វេសប៊ុក មេត្ដាស្វែងរកប្រភពអោយបានច្បាស់មុនចុះផ្សាយ សូមអរគុណ។ 
ពាក់ព័ន្ធនឹងករណីជនជាប់ចោទស្លាប់ អធិការដ្ឋាននគរបាលស្រុកឧដុង្គ សូមបំភ្លឺជូនដូចខាងក្រោម៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៤៩ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលពង់ បានទទួលពាក្យបណ្តឹងពីឈ្មោះ តួន អាយលី ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិច្ឆាចាស់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានធ្វើការប្តឹងចោទប្រកាន់ទៅលើឈ្មោះ មន មឿន ភេទប្រុស អាយុ ៤២ឆ្នាំ បានលួងលោមចាប់រំលោភសេពសន្ថវៈមិនបានសំរេចមកលើរូបនាង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង០០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះខាងលើ ក្រោយពីទទួលពាក្យបណ្ដឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលពង់បានធ្វើការឃាត់ខ្លួន ឈោ្មះ មន មឿន ប្រគល់ជូន អធិការដ្ឋាននគរបាលស្រុកឧដុង្គ ។ 
ក្រោយបញ្ចូនមុខសញ្ញាសង្ស័យមកដល់អធិការដ្ឋាន នគរបាលស្រុកឧដុង្គ តំណាងភាគីទាំងសង្ខាងស្នើរសុំសមត្ថកិច្ចទុកពេលឲ្យពួកគាត់ធ្វើកានិយាយសម្របសម្រួល ជាមួយគា្នបន្តិចសិន ដោយដើមបណ្តឹង ឈ្មោះ ភួន អាយលី ទាមទារជំងឺចិត្ត ចំនួន ៥០០០ ដុល្លារ (ប្រាំពាន់ដុល្លា)។ ចំណែកតំណាងចុងចោទ (មន មឿន) ពុំមានលទ្ធភាព ដើម្បីផ្ដល់សំណងជំងឺចិត្តតាមសំណូមពរឡើយ។ ក្រោយមកកម្លាំងជំនាញនៃអធិការនគបាលស្រុកឧដុង្គ បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិ តិវីធីច្បាប់។


ពាក់ព័ន្ធនឹងការលើកឡើងអំពីការធ្វើទារុណ្ឌកម្មទៅលើជនសង្ស័យរហូតដល់ស្លាប់ និងចោទប្រកាន់មកលើសមត្ថកិច្ចនគរបាលស្រុកឧដុង្គ ធ្វើការទារប្រាក់ ចំនួន ៥០០០ដុល្លារ (ប្រាំពាន់ដុល្លា) អធិការដ្ឋាននគរបាលស្រុកឧដុង្គ សូមធ្វើការបដិសេធ និងជំរាបជូនថា ដំណើរឿងនេះ ជនសង្ស័យខាងលើពុំបានស្លាប់នៅក្នុងអធិការដ្ឋាននគរបាលស្រុកឧដុង្គនោះទេ គឺត្រូវបានស្លាប់នៅក្នុងពន្ធនាគារ ចំពោះការទាមទាប្រាក់ ចំនួន ៥ ០០០ដុល្លារនោះ គឺជាការទាមទារបស់ដើមបណ្តឹងត ប៉ុណ្ណោះ (ដូចមាននៅក្នុងកំណត់ហេតុបណ្ដឹងស្រាប់)។ 
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ ពាក់ព័ន្ធករណីអ្នកទោសម្នាក់ស្លាប់នេះ បានឱ្យដឹងថា «ករណីជនត្រូវចោទស្លាប់ នៅចំណុចលើរថយន្តពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ វេលាម៉ោង ០៥និង១០នាទី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ»។ 
រឿងហេតុៈ យោងតាមការបំភ្លឺពីឈ្មោះ សេង ជា ភេទប្រុស អាយុ ៣៥ឆ្នាំ ជាអ្នកទោសជាប់ឃុំក្នុងបន្ទប់ជាមួយគ្នា បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២រសៀល ខ្ញុំកំពុងនៅក្នុងបន្ទប់ឃុំឃាំងអ្នកទោស មានគ្នាប្រហែល ៤០នាក់ ពេលនោះឃើញមានអ្នកទោសចំនួនពីរនាក់ទៀតមកថែម ក្នុងចំណោមពីរនាក់ មានម្នាក់អាយុប្រហែល ៥០ឆ្នាំ រាងរវើរវាយញ័រដៃដូចអ្នកញៀនស្រាបន្ទាប់មកឃើញគាត់និយាយតែឯងៗ។ លុះរហូតដល់ម៉ោង ១៦និង០០នាទី ខាងមន្ត្រីពន្ធនាគារបានចែកបាយឲ្យហូប និងឃើញបុរសនោះអ្នកដែលមកក្រោយហូបបាយអស់មួយចាន រួចចូលទៅមុជទឹកដោះអាវស្លៀកខោ ហើយចេញមកវិញទាំងសើមទៀតផង។ 
សាក្សីបានឱ្យដឹងទៀតថា លុះដល់ម៉ោងប្រហែល ២១និង០០នាទី គាត់បានឃើញបុរសរងគ្រោះឡើងលើធ្នើសម្រាប់ដាក់អីវ៉ាន់ ក្នុងបន្ទប់ស្រាប់តែពេលនោះគាត់បានរអិលជើងធ្លាក់ដោយខ្លួនឯង មកលើដីបណ្ដាលឲ្យបែកមាត់ហូរឈាមឃើញដូច្នេះបានយកប្រេងក្រឡាទៅលាបមាត់ឲ្យគាត់ បន្ទាប់មកខ្លួនក៏ទៅដេកវិញ។ ចំណែកបុរសនោះគាត់ទៅដេកនៅខាងជើងបាត់។ 
លុះដល់ម៉ោងប្រហែល ០៤ទៀបភ្លឺមានសមាជិកអ្នកទោសបានដាស់ឲ្យងើបប្រាប់ថា អ្នកទោសថ្មីលោតធ្លាក់ពីលើធ្នើបណ្ដាលឱ្យសន្លប់ឃើញដូច្នេះក៏នាំគ្នាគោះប្រកាសអាសន្ន ពីព្រោះឃើញគាត់សន្លប់បាត់ស្មារតី ក្រោយមកត្រូវបានសមត្ថកិច្ចពន្ធនាគារនាំយកទៅមន្ទីរពេទ្យបាត់ លុះក្រោយមកសមត្ថកិច្ចហៅខ្ញុំមកសួរបានដឹងថា គាត់ស្លាប់ចំពោះបុរសម្នាក់នោះអ្នកទោសផ្សេងទៀតប្រាប់ថា ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភ ហើយដូចជាមនុស្សញៀនស្រាទៀតផង។ 
ចំពោះការពិនិត្យសាកសព ក្រោយពេលកើតហេតុត្រូវបានមន្រី្តព័ន្ធនាគារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានស្លាកស្នាម ផ្នែកក្បាល: ស្នាមបែករយះទំហំ ២,5ស.មគុណ១ស.ម បបេមាត់លើផ្នែកខាងស្ដាំ ,ផ្នែកដងខ្លួន និងអវ:យវ:ស្នាមជាំខ្មៅរាងមូលលើស្បែកជាច្រើនកន្លែង (ជារោគសញ្ញាជម្ងឺថ្លើម)។ 
ការសន្និដ្ឋានៈ តាមការពិនិត្យកន្លែងកើតហេតុ សាកសពព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត លាភ សោភណ្ឌ គ្រូពេទ្យកោសល្យវិច័យខេត្តកំពង់ស្ពឺ បានសន្និដ្ឋានបានថា «សពស្លាប់ដោយគាំងបេះដូង»។ ការចុះពិនិត្យសាកសពជនរងគ្រោះក្រោមការដឹកនាំ និងសម្របសម្រួលនិតិវិធី ដោយលោក រ៉ា លីសួន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងបានអនុញ្ញាតឱ្យប្រគល់សពខាងលើជូនពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីច្បាប់៕ ខាងក្រោមជាវីដេអូ ក្រុមគ្រួសារជនរងគ្រោះ

Tags

Comment