កំពង់ចាម៖ ក្រុមអ្នកញៀននឹងល្បែងស៊ីសងជល់មាន់ដោយខុសច្បាប់ នាំគ្នារត់ប្រសាចបាតជើងសរព្រាតភ្នែកនៅកញ្ចឹងក អោបមាន់រត់ចោលម៉ូតូ និងយកតែរួចតែរួចខ្លួន ខណៈពេលសមត្ថកិច្ចចុះបង្ក្រាប។
ករណីបង្ក្រាបសង្វៀនជល់ដោយខុសច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៣០នាទី បន្ទាប់ពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានករណីលេងល្បែងស៊ីសងជល់មាន់នភ្នាល់ដាក់ប្រាក់កំពុងហ៊ោកញ្រ្ចៀវអឺងកង ស្ថិតនៅចំណុចដីចំការ នៅមាត់ព្រែកខាងកើតភូមិក្បាលកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ចម្ងាយប្រហែល ២.០០០ម៉ែត្រជាប់នឹងព្រំប្រទល់ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះអណ្ដែត បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងជល់មាន់
ខុសច្បាប់ ពេលកម្លាំងសមត្ថកិច្ចទៅដល់មុខសញ្ញាលេងល្បែងស៊ីសង បានរត់គេចខ្លួនបាត់អស់។
នគរបាលបានឲ្យដឹងថា នៅកន្លែងកើតហេតុ បន្សល់ទុកសម្ភារៈជាវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូ ចំនួន១៦គ្រឿង ,កន្ត្រកដាក់មាន់ពីរ ,ជញ្ជីងសម្រាប់ថ្លឹងមាន់ ០១គ្រឿង ,បង់សម្រាប់រុំខ្នាយមាន់មួយចំនួន ,ស្បែកជើងមួយចំនួន។
កម្លាំងសមត្ថកិច្ច បានចាប់យកសម្ភារៈខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕
Comment