• Today: November 21, 2024

យុវសិស្សនៃវិទ្យាល័យ ខ្នាសណ្ដាយ និងវិទ្យាល័យ រុនតាឯក ចំនួន១០៤នាក់ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ព្រមទាំងការបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តសៀមរាប៖ នារសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបពាក់ឯកសណ្ឋានជូនសមាជិកថ្មីយុវជនកាកទក្រហមកម្ពុជា នៃវិទ្យាល័យ ខ្នាសណ្ដាយ និងវិទ្យាល័យ រុនតាឯក ក្នុងស្រុកបន្ទាយស្រី សរុបចំនួន១០៤នាក់ ស្រី៧៤នាក់ ដែលពិធីនេះបានប្រារព្ធនៅសាលប្រជុំសាលាស្រុកបន្ទាយស្រី។

លោក លិវ ឡន ប្រធានការិយាល័យអភិវឌ្ឍសាខា និងជាអ្នកគ្រប់គ្រងវគ្គបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋមនេះ ផ្ដោតលើប្រធានបទសំខាន់ៗមួយចំនួនរួមមាន ប្រវត្តិនៃការកំណើតចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រវត្តិ និងសកម្មភាពកាកបាទក្រហមកម្ពុជា ការគ្រប់គ្រងក្លិប និងផ្នែកខ្លះនៃវិជ្ជាសង្គ្រោះបឋម។ 

ក្នុងឱកាសនេះ ដើម្បីឆ្លើយតបនឹងការបណ្ដុះបណ្ដាល និងការផ្ដល់តម្លៃក្នុងការបំពាក់ឯកសណ្ឋានដល់យុវជនទាំង១០៤នាក់ តំណាងយុវជនចំនួន៣រូប បានធ្វើការប្ដេជ្ញាចិត្តដូចតទៅ៖ 
- ប្ដេជ្ញា រៀនសូត្រឱ្យបានពូកែ គោរពវិន័យ សីលធម៌ ឱ្យក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អ...!
- ប្ដេជ្ញា បំពេញតួនាទីភារកិច្ចជា យុវជនកាកបាទក្រហមកម្ពុជា ...!
- ប្តេជ្ញា ទ្រទ្រង់ និង ចូលរួមសកម្មភាពមនុស្សធម៌ឱ្យបានកាន់តែច្រើន ទាំងក្នុង និងក្រៅសាលារៀន ...!
- ប្ដេជ្ញា អភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាពលរដ្ឋល្អទៅអនាគត...។

មានប្រសាសន៍ផ្ដាំផ្ញើដល់យុវជនទាំង ១០៤នាក់ នាពេលនេះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបំរើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្តល់វគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃនេះស្តីពី កាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការងារគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ដើម្បីបានជាមូលដ្ឋានក្នុងការបំពេញការងារមុនស្សធម៌។ ឯកឧត្តមបានបន្តថា ចាប់ពីពេលនេះតទៅ៖
- ប្អូនៗជាតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា ក្នុងស្រទាប់យុវវ័យ
- ប្អូនៗជាទំពាំងស្នងប្ញស្សីជាអ្នកបន្តវេនក្នុងសកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
- ត្រូវមគោរពវិន័យសាលា ខិតខំរៀនសូត្រឲ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យ
- ត្រូវផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងសាលា និងសហគមន៍។
- ចូលរួមបន្តការអប់រំសុខភាពអនាម័យ បង្ការជំងឺឆ្លង ក៏ដូចជាគ្រោះថ្នាក់នៃគ្រឿងញៀន
- ចូលរួមសកម្មភាពមនុស្សធម៌ក្នុងសាលា មានជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹក មិត្តយុវសិស្សពិការផងដែរ
- ធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍    ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់    និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍
- មានទំនាក់ទំនងស្មើភាពក្នុងជួរយុវជន ដោយសហការល្អ ចែករំលែកបទពិសោធន៍ជាមួយយុវកាយរឹទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាជាមួយយុវជនកាកបាទក្រហម អឌ្ឍចន្ទក្រហម    នៃបណ្តាប្រទេសជាមិត្តនានាក្នុងសកលលោក។
- ប្អូនៗត្រូវនាំគ្នាដាំដើមឈើនៅក្នុងបរិវេណសាលា ឬនៅតាមទីសាធារណៈ និងត្រូវថែទាំឱ្យបានល្អ ដើម្បីសោភ័ណភាព និងការរក្សាបរិស្ថានផង។

Tags

Comment