• Today: November 03, 2024

បន្ទាប់ពីស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកកំពង់ត្រាចបានស្រកចុះច្រើន បន្ទាប់ពីអាកាសធាតុគ្មានភ្លៀង រយៈពេលពីថ្ងៃ

 

(កំពត)     នៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣នេះអាជ្ញាធរស្រុកកំពង់ត្រាច បានបញ្ជាក់ថា បន្ទាប់ពីអាកាសធាតុគ្មានភ្លៀងរយៈពេលពីរថ្ងៃកន្លងមកនេះ តំបន់ដែលជន់លិចដោយសារជំនន់ទឹកភ្លៀងនៅផ្នែកខាងលើបានស្រកចុះធម្មតាឡើងវិញហើយ ប៉ុន្តែទឹកនោះទៅបង្កឲ្យជនលិចនៅតំបន់ មួយចំនួនផ្នែកខាងក្រោមវិញ ដោយសារទ្វារទំនប់បង្ហូរទឹកចេញទៅដៃសមុទ្រធ្វើឱ្យស្ទះ ដោយអាជ្ញាធរបាននិងកំពុងដោះស្រាយបន្ត និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅលើការការពារសុវត្ថិភាព។ 

 លោក ឡោ សុខន  អភិបាលរងស្រុកកំពង់ត្រាច ទទួលបន្ទុកលើគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយស្រុកកំពង់ត្រាចបានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេលបីថ្ងៃជាប់គ្នាៗ  ត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ជំហ៊ានដំបូងស្រុកកំពង់ត្រាចរង់ការជន់លិចភូមិឋានពលរដ្ឋ និងដំណាំប្រជាពលរដ្ឋចំនួន១២ ឃុំ ហើយលិចខ្លាំងជាងគេ ឃុំកំពង់ត្រាចខាងលិចតំបន់លើទំនប់អូរច្រនៀង ដោយសារស្ទះទ្វារទឹក។

  ប៉ុន្តែបន្ទាប់ពីមានអន្តរាគមន៍ពីអាជ្ញាធរស្រុកកំពង់ត្រាច  បានមើលហើយនៅស្ថានភាពអាកាសធាតុល្អគ្មានភ្លៀងបន្ត ទឹកក៏បានស្រកចុះលឿន តំបន់ខាងលើទឹកបានស្រកអស់ហើយ ប៉ុន្តែទឹកនោះទៅបង្កឲ្យមានការជនលិចនៅតំបន់ភូមិសាស្ត្រផ្នែកខាងក្រោមវិញម្តង ពិសេសតំបន់ទំបន់កំពង់ក្រញូង។

ស្រុកកំពង់ត្រាចសរុបមកមានឃុំចំនួន១៤ ទទួលរង់ការជនលិចដោយសារឥទ្ធិពលជំនន់ទឹកភ្លៀងកាលពី៣ថ្ងៃមុន។

 លោក ឡោ សុខន អភិបាលរងស្រុកកំពង់ត្រាចបានបន្តថា ដើម្បីដោះស្រាយបញ្ហាជន់លិចក្នុងពេលបច្ចុប្បន្ន និងបង្ការទៅពេលខាងមុខ អាជ្ញាធរស្រុកនឹងធ្វើការស្តារ កាយសម្អាតរុក្ខជាតិដុះលើផ្ទៃទឹក មានដូចជាដើមត្រកៀត ដើមផ្នែល និងសំរាមផ្សេងៗចេញពីផ្នែកខាងមុខទ្វារទឹកនីមួយទូទាំងស្រុកតែម្តង ហើយបញ្ហាចំពោះមុខក្រុមការងារនឹងធ្វើការវាយតម្លៃផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងរយៈពេលបីថ្ងៃក្រោយ ។

 បើយោងតាមរបាយការណ៍បឋម គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ជំនន់ទឹកភ្លៀងស្រុកកំពង់ត្រាចបានបណ្តាលឲ្យប៉ះពាល់ឃុំចំនួន១៤ ដោយបង្កឲ្យលិចចូលលំនៅដ្ឋានសរុបចំនួន២,២៨០ខ្នងផ្ទះ ក្នុងនោះលិចចូល ធ្ងន់ធ្ងរចំនួន១៤៩៨ខ្នងផ្ទះ រលំ២ខ្នងផ្ទះ លិចដំណាំស្រូវសរុប ៩,០៨៦ហិចតា និងលិចផ្លូវលំ១០ខ្សែប្រវែង៣ ៩៧៥ម៉ែត្រ។

 ដោយឡែកសម្រាប់ខេត្តកែប បើគិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកបានស្រកចុះអស់ដូចធម្មតាវិញអស់ហើយ ចំណែកអាកាសធាតុក៏ល្អប្រសើរដែរ បើតាមមន្ត្រីបរិស្ថានខេត្តកែបក៏បានបញ្ជាក់ដែរថា គ្មានករណីទឹកហូរបាក់ដី ពីកំពូលរហូតដល់ជើងភ្នំដោយសារតែជំនន់ទឹកភ្លៀងនោះឡើយ។ (សឹង រ៉ាត់)

Tags

Comment