• Today: November 21, 2024

មនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយឡែកពីគ្នា


ខេត្តបន្ទាយមានជ័យ៖  នគរបាលស្រុកស្វាយចេកបានឱ្យដឹងថា៖ នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចខាងជើងភូមិតាគល់ចម្ងាយ២០០ម៉ែត្រពីឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានគោយន្តកន្រ្តៃ០១គ្រឿងដឹកចំរឹងឈើក្រឡាប់សង្កត់អ្នករួមដំណើរស្លាប់ ។


មនុស្សម្នាក់បានស្លាប់ដោយរ៉ឺម៉កគោយន្តកន្ត្រៃដឹកឈើក្រឡាប់សង្កត់នៅស្រុកស្វាយចេក និងម្នាក់ទៀតរងរបួសធ្ងន់ដោយបើកម៉ូតូបុករនាំងដែកការពារផ្លូវនៅស្រុកថ្មពួក ។
នគរបាលបានបញ្ជាក់ថា៖ ដំបូងគោយន្តកន្រ្តៃដឹកចំរឹងឈើនោះធ្វើដំណើរពីជើងទៅត្បូងបើកបរដោយឈ្មោះ អៀម អឺន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិរញ្ចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ជាអ្នកស៊ីឈ្នួលបបើកបរ រួមដំណើរដោយម្ចាស់ គោយន្តកន្រ្តៃឈ្មោះ ចោម ចាម ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ពេលបើកមកដល់ខាងជើងភូមិតាគល់ចម្ងាយ ២០០ម៉ែត្រពីឃុំផ្គាំ គោយន្តបានរេចង្កូតធ្លាក់ប្រឡាយក្រឡាប់រ៉ឺម៉កគោយន្តសង្កត់ឈ្មោះចោម ចាម ភ្លាមៗនោះមានបងប្អូននៅក្បែរនោះបានជួយរើចំរឹងយកជនរងគ្រោះចេញពីក្រោមរ៉ឺម៉កគោយន្តបញ្ជូនទៅគ្លីនិកទេវិន ពេលទៅដល់គ្រូពេទ្យពិនិត្យឃើញថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ដោយឡែក០១ករណីទៀត នៅស្រុកថ្មពួកនាវេលាម៉ោង០៧យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯងក្នុងទិសដៅពីលិចទៅកើត នៅចំណុចផ្លូវកោងលើកំណាត់ផ្លូវជាតិលេខ២៥៦៣A ខាងលិចសាលាបឋមសិក្សាភូមិថ្មីឯកភាព ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំគោករមៀត ។

នគរបាលស្រុកថ្មពួកបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ សឺន ភេទប្រុស អាយុប្រហែល៣៦ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម្នាក់ឯងម៉ាកHonda dream c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ បាត់ដំបង1AM.7022 ។
នគរបាលបានបញ្ជាក់ថា៖ ដំបូងជនរងគ្រោះបានបើកម៉ូតូពីលិចទៅកើតក្នុងល្បឿនលឿន (សង្ស័យស្រវឹង) ដល់ចំណុចផ្លូវកោងក៏ជ្រុលចង្កូតទៅបុករនាំងដែកការពារផ្លូវផ្នែកខាងស្ដាំដួលម៉ូតូបែកក្បាលរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះដឹកទៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក ៕

Tags

Comment