• Today: November 21, 2024

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បកស្រាយការលើកឡើង របស់ឯកឧត្តមបណ្ឌិត ស សុខា ពាក់ព័ន្ធការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី 60CC ឡើងទៅ….

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញក្តីបំភ្លឺជុំវិញ អនុសាស្ត្ររបស់ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យ “ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី «60CC» ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត» នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិ នាយឧត្ដមសេនីយ៍ ជូន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។ 

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបកស្រាយថា ក្រោយពីការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឱ្យមតិសាធារណៈមានការយល់ច្រឡំ និងសម្ដែងទស្សនៈផ្សេងៗ។ អាស្រ័យហេតុនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូននូវស្មារតី និងហេតុផលនៃអនុសាសន៍ ដូចតទៅ ៖
១- សិក្សាសម្រាប់អនាគត៖ ជាស្មារតីអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ទី១, លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផល ដែលទទួលបានពីការអនុវត្តនោះ។ ទី២, ការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោលគឺ ប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃ នឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើប័ណ្ណបើកបរ ។ ទី៣, ជារួមពុំមែនជាលក្ខខណ្ឌដាច់ខាត ឱ្យតែម៉ូតូមានកម្លាំងចាប់ពី “60CC“ ឡើង គឺសុទ្ធតែតម្រូវឱ្យមានប័ណ្ណបើកបរនោះទេ ពោល គឺ ត្រូវពិនិត្យទៅតាមប្រភេទ នៃយាននោះផងដែរ ដូចជា ប្រភេទ ក, ខ,..ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង ។

២- ហេតុផលនៃអនុសាសន៍៖ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងយ៉ាងច្បាស់ៗប្រកបដោយការព្រួយបារម្ភថាមិនទាន់ចប់ឆ្នាំ២០២៣ផង ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង ១១០០នាក់ ទៅហើយបើធៀបនឹងចំនួនប្រជាពលរដ្ឋទាំងមូលប្រមាណ ១៧លាននាក់។ ដូច្នេះទំរាំដាច់ឆ្នាំថ្ងៃឲ្យអាចនឹងកើនឡើងច្រើនជាងនេះក៏ថាបាន បើពុំមានវិធានការគត់មត់ទោះជាចំនួនអ្នកបានឲយចុះមែន ប៉ុន្តែក្នុងល្បឿនមួយដែលមិនទាន់សម្រេចបានតាមគោលដៅរបស់ក្រសួងនៅឡើយ។ ចំណែកឯចំនួនអ្នកប្រើប្រាស់ម៉ូតូកើនឡើងជាប្រចាំ ជាក់ស្ដែងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា “ក្នុងមួយថ្ងៃៗក្រសួងធ្វើផ្លាកលេខម៉ូតូជូនម្ចាស់កម្មសិទ្ធិជាង ១០០០គ្រឿង គិតជាលេខមូល”។ បើប្រៀបធៀបនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯប្រទេសបារាំង គឺមានអ្នកស្លាប់តែជាង ៨០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗលើប្រជាជនប្រមាណ ៦៨លាននាក់។ ជាផែនការឯកឧត្តមអភិសន្តិបណ្ឌិតមានទស្សនវិស័យ កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅចំនួនមួយទាបបំផុតនាថ្ងៃអនាគត»។

៣- ក្នុងទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជំរុញដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តសហការជាមួយតួអង្គពាក់ព័ន្ធនានា បង្កើតយន្តការបណ្តុះបណ្តាល ផ្សព្វផ្សាយអប់រំ ឱ្យបានទូលំទូលាយអំពីច្បាប់ចរាចរណ៍ បច្ចេកទេសបើកបរ និងក្រមសីលធម៌បើកបរជាដើម ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់ប្រភេទ ក្នុងចេតនាបង្ការទប់ស្កាត់កាត់បន្ថយអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផង និងពង្រឹង សណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវផង។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា “អនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត គឺជា «ផែនការសម្រាប់អនាគត» ដោយចាប់ផ្តើមគិតគូរពីថ្ងៃនេះទៅ និងជាក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតទ្រព្យសម្បត្តិ របួសស្នាមរាងកាយ និងបាត់បង់អាយុជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះតែប៉ុណ្ណោះ។ ពោលគឺ ពុំ ទាន់មានការកំណត់កាលវេលាជាក់លាក់ក្នុងការអនុវត្តឡើយ។ សំណួរសួរថា តើចង់បណ្តោយឱ្យប្រជាពលរដ្ឋស្លាប់ក្នុងមួយឆ្នាំៗ ប្រមាណ ២០០០នាក់ ឬយ៉ាងណា? ប្រសិនបើមិនចង់ទេ លុះត្រាតែរួមគិតរិះ រកគ្រប់យន្តការដើម្បីទប់ស្កាត់ពីឥឡូវនេះតទៅ៕

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណចំពោះអង្គភាពសារព័ត៌មាន និងសាធារណជន ដែលតែងតែគាំទ្រ និងតាមដានចាប់អារម្មណ៍រាល់ការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកកំពុងមមាញឹកជាមួយ ថ្នាក់ដឹកនាំក្រសួង ធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្ដិសិទ្ធិភាព ជាឧត្តមប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ក្រោមមគ្គទេសក៍របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕

Tags

Comment