• Today: November 21, 2024

មន្ត្រីជុលផលថាឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងព្យុះទី៥ មិនរំខាន់ដល់ពលរដ្ឋក្នុងការនេសាទនៅខេត្តកំពតនោះឡើយ


(កំពត)៖    នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ស សរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានប្រាប់ឲ្យដឹងថា ស្ថានភាពធាតុអាកាសនៅក្នុងខេត្តកំពតមានភាពល្អប្រសើរនៅឡើយបើគិតមកដល់ពេលនេះគឺខុសពីប៉ុន្មានថ្ងៃកន្លងទៅទៅ អាកាសធាតុអាប់អួរមានភ្លៀងធ្លាក់រាយប៉ាយ គ្រប់តំបន់ជាពិសេសគឺជាក់ស្ដែងនៅល្ងាចថ្ងៃទី ២៥ ខែកក្កដាកាលពីម្សិលមិញនេះប្រជាពលរដ្ឋជាអ្នកនេសាទបានចេញទៅនេសាទច្រើនដូចសព្វដងគ្មានការរំខានដោយសារអាកាសធាតុនោះឡើយ។


   តាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយមថា កម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងព្យុះទី៥ (TY DOKSURI) ប៉ុន្តែសម្រាប់ខេត្តកំពត ធាតុអាកាសមានភាពល្អប្រសើរនៅឡើយ។ មន្ត្រីជំនាញថាប្រជានេសាទនៅតែបន្តចេញទៅនេសាទតាមធម្មតា គ្មានការរំខានដោយសារអាកាសធាតុនោះទេ ប៉ុន្តែប្រជានេសាទត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំឡុងពេលនេះ។
   លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា សម្រាប់ខេត្តកំពតមានទីតាំងភូមិសាស្ត្រអំណោយផលបានល្អណាស់ ដោយសារការនេសាទនៅជិតៗ តំបន់ឆ្នេរទឹករាក់  និងមានកោះត្រល់បាំងខ្យល់ និងរលក ដូច្នេះហើយមិនបង្កជាបញ្ហាធ្ងន់ធ្ងរទៅដល់ប្រជានេសាទទេ ក្នុងករណីដែលមានធាតុអាកាស ព្យុះភ្លៀង កើតឡើង ក៍ប្រជានេសាទអាចវិលត្រឡប់មកឆ្នេរវិញបានទាន់ពេល។
   ម្យ៉ាងទៀតវិញនោះប្រជាពលរដ្ឋភាគច្រើន គាត់ចេះមើលជើងខ្យល់ ដឹងថាពេលណាខ្យល់តិច ពេលណាខ្យល់ខ្លាំង។

   ទោះជាប្រព័ន្ធសម្ពាធទាប និងព្យុះទី៥ (TY DOKSURI) មិនទាន់ជះឥទ្ធិពលលើធាតុអាកាសនៅខេត្តកំពតក៏ដោយ មន្ត្រីជលផលថា បានធ្វើការផ្សព្វផ្សាយអំពីការព្យាករណ៍ស្ថានភាពធាតុកាស ទៅដល់សហគមន៍នេសាទទាំង៩នៅទូទាំងខេត្តកំពតរួចហើយ ដើម្បីផ្សព្វផ្សាយបន្ត ធ្វើយ៉ាងណាឲ្យប្រជានេសាទមានការប្រុងប្រយ័ត្ន និងអាចការពារខ្លួនឲ្យមានសុវត្ថិភាពនៅពេលចេញទៅនេសាទនៅសមុទ្រ។(សឹង រ៉ាត់)

Tags

Comment