ភ្នំពេញ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប»នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប កុំជឿតាមការញុះញង់របស់មេខ្យល់មួយចំនួន ដែលនាំឱ្យធ្លាក់ខ្លួនប្រព្រឹត្ដអំពើខុសច្បាប់ ដោយមិនដឹងខ្លួន ពិសេសពាក់ព័ន្ធរឿងដីធ្លីតែម្ដង។
លោក ទៀ សីហា បានអះអាងថា ស្របពេលដែលកម្ពុជាជិតរៀបចំការបោះឆ្នោតនោះ មេខ្យល់ទាំងនោះតែងធ្វើសកម្មភាពញុះញង់ ប្រជាពលរដ្ឋឲ្យតវ៉ារឿងរ៉ាវដីធ្លី គ្រាដែលអាជ្ញាធរកំពុងបន្ដខិតខំដោះស្រាយសម្របសម្រួល។
លោកអភិបាលខេត្ត ចេញមកអំពាវនាវបែបនេះបន្ទាប់ពីថ្មីៗនេះ មានប្រជាពលរដ្ឋរស់នៅឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង បាននាំគ្នាមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ ដោយអះអាងថា អាជ្ញាធរមិនចុះបញ្ជីដីធ្លីជូនពួកគាត់។ ក្នុងចំណោមអ្នកដែលមកដាក់ញត្តិនេះ មានប្រមាណ៦នាក់ ជាមុខសញ្ញាញុះញង់ ដែលអាជ្ញាធរកំណត់បាន។
លោក ទៀ សីហា បានថ្លែងយ៉ាងដូច្នេះថា «ដល់រដូវការបោះឆ្នោតសហគមន៍ដែលតវ៉ា គួបផ្សំមេខ្យល់មួយចំនួនបានធ្វើចលនាញុះញង់ ពេលខ្លះប្រជាពលរដ្ឋរស់នៅស្រុះស្រួលគ្នាហើយ ថ្វីត្បិតមិនបានចុះបញ្ជីដីធ្លី តាមបទដ្ឋានគតិយុត្តផ្សេងៗ ប៉ុន្ដែពេលជិតបោះឆ្នោតមេខ្យល់នឹងទៅរកពួកគាត់។ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកុំជឿជាក់លើមេខ្យល់ ដែលរុញឲ្យធ្វើសកម្មភាពខុសច្បាប់ ខុសមនសិកាខ្លួនឯង»។
លោកអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា ករណីប្រជាពលរដ្ឋរស់នៅព្រំប្រទល់ស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង តែងធ្វើសកម្មភាពតវ៉ាជារឿយៗ ពាក់ព័ន្ធការចុះបញ្ជីដីធ្លី គ្រាដែលដីទាំងនោះកំពុងមានបញ្ហា ហើយអាជ្ញាធរខេត្តបានព្យាយាម សម្របសម្រួលជាបន្ដបន្ទាប់។ ករណីវិវាទនេះទៀតសោត រវាងប្រជាជន និងប្រជាជន មិនមែនប្រជាជន ជាមួយរដ្ឋនោះទេ។
បន្ថែមពីនេះ លោក ទៀ សីហា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភរឿងបាត់បង់ដីធ្លីរបស់ខ្លួន បើទោះបីមិនទាន់បានចុះបញ្ជីតាមបទដ្ឋានច្បាប់យ៉ាងណាក្ដី។ កាលដែលលោកហ៊ាននិយាយថា កុំឲ្យប្រជាពលរដ្ឋព្រួយបារម្ភរឿងបាត់បង់ដីធ្លីនេះ ដោយសារអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច បានធ្វើការទប់ស្កាត់ការទន្ទ្រាន និងការដកបង្គោលព្រំដីរបស់ភាគីនីមួយៗ។
គួរជម្រាបថា ពាក់ព័ន្ធការងារចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធរយៈពេល៥ឆ្នាំ ខេត្តសៀមរាប បានចេញប័ណ្ណកម្មសិទ្ធបានចំនួនសរុប ៤៨,៤៧៦ប័ណ្ណ ដែលអនុវត្តនៅក្រុង-ស្រុកចំនួន០៦ លើក្រុង-ស្រុកទាំង ១២ទូទាំងខេត្ត។
គិតតាំងពីចាប់ផ្តើមអនុវត្តឆ្នាំ២០០៤ មកទល់ពេលនេះ ខេត្តបានចុះបញ្ជីបានចំនួន ១៥២,២៩១ក្បាលដី នៃភូមិ១៦៧ភូមិ បានចេញប័ណ្ណ ៨១,៦៤៤ប័ណ្ណ នៃភូមិ ៨៧ភូមិ នៅសល់ ៧០,៦៤៧ក្បាលដី ដោយសារព្រំប្រទល់កំណត់តំបន់១ និងតំបន់២ នៃអាជ្ញាធរបឹងទន្លេសាប មិនទាន់ច្បាស់លាស់ និងមួយចំនួនទៀតដោយសារក្រោយបិទផ្សាយ មានបណ្តឹងតវ៉ានិងមិនទាន់ដោះស្រាយរួច៕
Comment