• Today: November 21, 2024

អ្នកបើកបររថយន្តបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានឃាត់ ដើម្បីអប់រំ និងផាកពិន័យតាមច្បាប់

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះ តាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រថយន្តចំនួន០២គ្រឿង ដែលធ្វើចរាចរណ៍បញ្រ្ចាស់ទិសលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានភ្ញាក់ងារសុវត្ថិភាពផ្លូវល្បឿនលឿនសហការជាមួយនគរបាល បានឃាត់ធ្វើការអប់រំ ណែនាំ និងផាកពិន័យតាមច្បាប់។

សូមរំឭកថា កាលពីថ្ងៃទី១៩ និង២០ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ មានរថយន្តចំនួនពីរគ្រឿង បានបើកបរបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បន្ទាប់មកក្រុមការងារផ្លូវល្បឿនលឿន ដោយសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់រថយន្ត និងអ្នកបើកបរ ដើម្បីអប់រំ និងផាកពិន័យតាមនីតិវិធីច្បាប់។ ចំពោះការបើកបរបញ្ច្រាសទិសចរាចរណ៍មិនថា នៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃតែម្តង។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើអំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខសុវត្ថិភាពពេលធ្វើដំណើររបស់យើងទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត និងគម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ដែលសម្លាប់មនុស្សប្រមាណ ០៥នាក់ ក្នុងមួយថ្ងៃ និងនាំឱ្យខាតបង់ថវិកាជាតិ ដល់ទៅ ៥០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ នេះបើតាមការសិក្សារបស់ UNDP

Tags

Comment