ខេត្តស្វាយរៀង៖ លោកលឹម សៀងហេង អភិបាលក្រុងបាវិតនិងលោកណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត បានអញ្ជើញបើកវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាក្រុងបាវិតនៅក្នុងសង្កាត់បាវិតនាថ្ងៃទី៩ខែសីហាឆ្នាំ២០២៣ នៅទីធ្លាសាលាក្រុងបាវិត។
ក្នុងឱកាសនោះលោកលឹម សៀងហេងអភិបាលក្រុងបាវិតបានបញ្ជាក់ថា អាជ្ញាធរបានក្តាប់នូវសំណូមពរនានា របស់ពលរដ្ឋដែលជាធាតុផ្សំមួយឱ្យអាជ្ញាធរចូលរួមដោះស្រាយបានទាន់ពេលវេលានិងមានប្រសិទ្ធភាព តម្លាភាពផងដែរ។
ដោយមានតែពលរដ្ឋនៅមូលដ្ឋានទេ ដែលមានទុក្ខកង្វល់នានាដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ ដូច្នេះរាជរដ្ឋាភិបាលបានបង្កើតឱ្យមានកម្មវិធីវេទិកាដើម្បីឱ្យពលរដ្ឋបានចូលរួមឱ្យបានច្រើន លើកជាសំណូមពរនិងកង្វល់នានា ធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ។
លោកបានបន្តថា សូមបងប្អូនប្រជាពលរដ្ឋកុំខ្លាចអាជ្ញាធរនិងសមត្ថកិច្ច គឺត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា ដូចជាការគោរពច្បាប់ចរាចរណ៍ផ្លូវគោក កុំបើកបរបញ្ច្រាសទិស បើកបរត្រូវប្រកាន់ស្ដាំ ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់និងកុំបើកវ៉ាជែងក្នុងស្ថានភាព គ្រោះថ្នាក់ជាដើម ហើយមន្ត្រីនៅក្រុងបាវិតខ្លះក៏បានប្រព្រឹត្តនូវអំពើខុសច្បាប់ផងដែរ ដោយនៅតែជិះរថយន្តបញ្ច្រាសទិសក៏មាន។ ដូច្នេះចាប់ពីពេលនេះទៅត្រូវបញ្ឈប់ទម្លាប់អាក្រក់នេះជាបន្ទាន់ ត្រូវគោរពច្បាប់ទាំងអស់គ្នា ទាំងប្រជាពលរដ្ឋនិងមន្ត្រីរាជការ ព្រោះមន្ត្រី ជាគំរូរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះ នៅក្នុងវេទិកានេះ ពលរដ្ឋក៏បានលើកឡើងអំពីចំណុចសំខាន់ៗដែលឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ចូលរួមដោះស្រាយរួមមានបញ្ហាផ្លូវ លូបង្ហូរទឹក អត្តសញ្ញាណប័ណ្ណ ការដាក់ភ្លើងស្តុបនៅទីប្រជុំជន បញ្ហាសំរាម និងចរាចរណ៍ផ្លូវគោកជាដើម។
ចំពោះសំណូមពរទាំងនេះ ត្រូវបានលោកអភិបាលក្រុងបាវិតឆ្លើយតបនិងអាចទទួលយកបានពីប្រជាពលរដ្ឋ ហើយក្នុងនាមអាជ្ញាធរ លោកអភិបាលក្រុង ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្នុងការអនុវត្តច្បាប់ទាំងអស់គ្នា។
ព្រមជាមួយគ្នានេះ លោកអភិបាលក្រុងក៏បានស្នើដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមឱ្យយកចិត្តទុកដាក់ចូលរួមសហការនិងអប់រំសិស្សានុសិស្សឱ្យទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ ហើយនៅពេលខាងមុខនេះ រដ្ឋាភិបាលនិងធ្វើប្រតិភូកម្ម ឱ្យក្រុងជាអ្នកគ្រប់គ្រងទាំងសាលារៀនមត្តេយសិក្សា ដូច្នេះត្រូវអប់រំក្មេងតូចៗឱ្យចេះទុកដាក់សំរាមឱ្យមានរបៀបរៀបរយ ចេះស្រឡាញ់បរិស្ថាន។
លោកលឹម សៀងហេង បានបញ្ជាក់ថា ចំពោះការងារអភិវឌ្ឍន៍នៅមូលដ្ឋាន អាជ្ញាធរបានខិតខំប្រឹងប្រែង កសាងហេដ្ឋារចនាសម្ព័ន្ធបានជាច្រើនមានទាំងផ្លូវចាក់បេតុង លូរំដោះទឹកនៅផ្លូវជាតិលេខ១ និងតាមបណ្ដាផ្លូវនានាក្នុងមូលដ្ឋានសង្កាត់បាវិត និងនៅពេលខាងមុខនេះមានលូបង្ហូរទឹកស្អុយ និងអាងប្រព្រឹត្តិកម្មចម្រោះទឹកស្អុយផងដែរ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋដាក់ភ្លើងស្តុបនៅទីប្រជុំជននៅក្រុងបាវិត មន្ត្រីជំនាញក៏បានដាក់សំណើទៅមន្ទីរសាធារណការខេត្តដើម្បីសិក្សាបច្ចេកទេសទៅតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ៕
Comment