• Today: December 03, 2024

នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់រថយន្តដឹកជញ្ជូន ចំនួន ២៣០ គ្រឿង ជូនបណ្តាកងឯកភាពចំណុះកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ រថយន្តដឹកជញ្ជូន ២៣០ គ្រឿង ជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែប ត្រូវបាននាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នេះ។ 

នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយអបអរសាទរចំពោះការប្រគល់-ទទួលរថយន្តដឹកជញ្ជូន សរុបចំនួន ២៣០ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៦២ អង្គភាព។ 


នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា នេះជាជំហានទី២ នៃការកៀរគរធនធានក្នុងទ្រង់ទ្រាយធំរបស់សប្បុរសជនខ្មែរ ក្រុមហ៊ុនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាការគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិយើង ។ 

នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងនាមសម្តេចទាំងទ្វេ សូមសម្តែងនូវការអរគុណចំពោះសប្បុរសជនខ្មែរយើងទាំងអស់ ដែលតែងបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ជាពិសេសនៅក្នុងដំណាក់កាលដែលកងយោធពលខេមរភូមិន្ទ កំពុងខិតខំពុះពារសម្រេចឱ្យបាននូវដំណើរការកំណែទម្រង់របស់ខ្លួន សំដៅកសាង និងពង្រឹងប្រៀបការពារជាតិឱ្យបានកាន់តែរឹងមាំ ធានាបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ ។ 

នាយឧត្តមសេនីយ៍ក៏បានទឹកចិត្ត និងកាយវិការដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងនាមសមរភូមិក្រោយ ដែលតែងតែឧបត្ថម្ភគាំទ្រផ្នែកមូលដ្ឋានសម្ភារចាំបាច់ឱ្យដល់កងទ័ព ដើម្បីឱ្យកងទ័ពអាចប្រើប្រាស់សមត្ថភាពជំនាញប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគ្រប់ភារកិច្ចចាំបាច់ចំពោះមុខ រួមទាំងក្នុងប្រតិបត្តិការជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាដើម្បីឆ្លើយតបចំពោះដំណើរការទំនើបកម្មស្របតាមការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ។ កងទ័ពកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន ហើយប្រជាជនវិញ គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំង ទាំងកម្លាំងទ័ព និងកម្លាំងភស្តុភារ ។ 
នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក បានបន្ថែមថា អំណោយដ៏ថ្លៃថ្លានេះ ក៏បានឆ្លុះបញ្ចាំងផងដែរ អំពីចំណងសាមគ្គីភាព និងសម្ព័ន្ធមេត្រីភាពជិតស្និទ្ធរវាងកងទ័ព និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន ។ 

នាឱកាសនោះ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការអំពាវនាវលើកទឹកចិត្តដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមបន្តចូលរួមចំណែកអនុវត្តកាតព្វកិច្ចការពារជាតិដ៏ពិសិដ្ឋរបស់ពលរដ្ឋ ដោយឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជននេះ ឱ្យបានកាន់តែសកម្មបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង ជាពិសេសបម្រើដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល និងឆ្អឹងខ្នងនៃខឿនការពារជាតិ៕

Tags

Comment