ខេត្តប៉ៃលិន៖នៅវេលាម៉ោង១០និង០០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ មានករណីពលរដ្ឋម្នាក់ស្លាប់ដោយសារពស់ចឹកពេលស្ត្រីរូបនោះបាននាំកូនទៅបាចទឹកក្នុងស្រះដើម្បីចាប់ត្រី មិនទាន់បានចាប់ត្រីផងក្រឡេកឃើញរន្ធក្ដាមក៏យកដៃលូកក៏ត្រូវពស់ចឹកតែម្ដង ដែលហេតុការណ៍នេះស្ថិតនៅភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពដដែលបានបន្តថា សពជនរងគ្រោះឈ្មោះ រិន ម៉ាប់ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ករណីនេះកើតហេតុកាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០២៣ វេលាល្ងាចខណៈដែលជនរងគ្រោះបានដើរទៅបាចត្រីក្នុងស្រះពីរនាក់កូនស្រី ក៏ប្រទះឃើញរន្ធក្ដាមបានយកដៃទៅលូកក៏ត្រូវបានពស់នៅក្នុងរន្ធចឹកតែម្តង។
បន្ទាប់មកក៏ដើរមកផ្ទះប្រាប់បងប្អូនថាពស់ចឹកដោយសារលូកដៃចូលក្នុងរន្ធក្ដាម ភ្លាមៗនោះកូនស្រី បាននាំបងប្អូនទៅរុករន្ធនោះឃើញពស់ ជាពស់វែកមានពិស ក៏នាំគ្នាវៃតែម្ដង។ ក្រោយមកសាច់ញាតិក៏បានបញ្ជូនទៅ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានចំនួនពីរថ្ងៃត្រូវបានសាច់ញាតិដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង រហូតដល់ព្រឹកថ្ងៃទី២៨ខែមីនាឆ្នាំ២០២៣ជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យតាមប្រពៃណី ៕
Comment