កំពង់ធំ៖ ក្រុមក្មេងទំនើងចំនួន០៧នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ធំ ប្រមូលបានយកទៅវាស់កម្ពស់បានដោយភាពជោយជ័យ បន្ទាប់ពួកគេបានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តក្រុមតម្រ្តីសម័យ បែកកញ្ចក់ត្រូវចំតៃកុងរេចង្កូតធ្លាក់ផ្លូវបណ្តាលឱ្យមានមនុស្ស ចំនួន១៧នាក់រងរបួស។
តាមប្រភពព័ត៌មាន បានឱ្យដឹង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះថា ក្រុមជនទំនើង ចំនួន០៧នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២០ ខែមីនានេះ ដើម្បីយកទៅវាស់កម្ពស់ និងសាកសួរកសាងសំណុំរឿងតាមនិតិវិធី។
ក្រុមជនសង្ស័យទាំង០៧នេះ រួមមាន ៖ ទី១- ឈ្មោះ រ៉ុង សុវណ្ណារាជ ភេទប្រុស អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងវែង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ទី២- ឈ្មោះ បឿន ជែម ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិសហគ្រាស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ទី៣- ឈ្មោះ សើ ចំរើន ភេទប្រុស ចំការកៅស៊ូ។ ទី៤- ឈ្មោះ វ៉ុន ឃ្លីប ភេទប្រុស។ ទី៥- ឈ្មោះ ឡម លីន ភេទប្រុស អាយុ ១៧ឆ្នាំ។ ទី៦- ឈ្មោះ រុំ ផានិត ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៧- ឈ្មោះ ឈុន រតនា ភេទប្រុស អាយុ ១៩ឆ្នាំ ពួកគេជាកម្មកចំការរកៅស៊ូ ក្រុមហ៊ុន លី ហួរ។
សូមរំឭកថា កាលពីវេលាម៉ោង ១១និង៣០នាទីយប់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មានករណីជនសង្ស័យគប់កញ្ចក់រថយន្ត ម៉ាក ហ៊ីយាន់ដាយ ទម្ងន់២តោនកន្លះ ក្រុមតម្ត្រីសម័យរបស់ឈ្មោះ ឡាយ សំណាង ភេទប្រុស រស់នៅខេត្តកំពង់ចាម ពេលធ្វើដំណើរវិលត្រឡប់ពីការប្រគុំតន្ត្រី នៅភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បណ្តាលឱ្យត្រូវបែកកញ្ចក់ធ្លុះចូលទៅក្នុងកាប៊ីនរថយន្តត្រូវចំអ្នកបើកបររងរបួសយ៉ាងធ្ងន់ ហើយរថយន្តរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលឱ្យក្រុមអ្នកតន្ត្រី និងអ្នចម្រៀងរងរបួស ចំនួន១៧នាក់។ បន្ទាប់ពីកើតហេតុ ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់ហើយសមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេតរហូតកំណត់បានមុខសញ្ញាជនទំនើងទាំងនោះឃាត់ខ្លួនជាបន្តបន្ទាប់បាន ចំនួន០៧នាក់តែម្តង។
នគរបាលបានធ្វើការសាកសួរបំភ្លឺដោយជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថរយន្តរថគ្រោះប្រាកដមែន។
ជនសង្ស័យទាំងអស់នេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
Comment