• Today: November 21, 2024

មន្រ្ដីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញស្នើដល់មន្រ្ដីត្រូវមានឥរិយាបថល្អជាមួយនឹងការងារផ្ដល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អនិងទាន់ពេលវេលា

ភ្នំពេញ៖លោកកើត ឆែបានណែនាំបែបនេះ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្នុង «វគ្គបណ្តុះបណ្តាលស្ដីពីការបណ្ដុះផ្នត់គំនិតនិងឥរិយាបថវិជ្ជមានរបស់បុគ្គលិកក្នុងការបំពេញការងារ» នៅសាលារាជធានីភ្នំពេញ។

​  លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនៅរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវមានឥរិយាបថល្អ រួសរាយរាក់ទាក់រាល់ការងារផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អនិងទាន់ពេលវេលា សំដៅធ្វើយ៉ាងណាអោយពួកគាត់ជឿទុកចិត្តមកលើមន្ត្រីរបស់យើង។

 លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ វគ្គបណ្តុះបណ្តាលនេះ គឺជាការចែករំលែកអំពីវិធីសាស្ត្រនៃការបណ្ដុះផ្នត់គំនិតវិជ្ជមានក្នុងទីកន្លែងបំពេញការងារជូនដល់បុគ្គលិក-មន្ត្រីរាជការទាំងអស់ឱ្យខិតខំបំពេញតួនាទី-ភារកិច្ចរបស់ខ្លួនកាន់តែល្អប្រសើរឡើងៗ ស័ក្តិសមជាប្រតិបត្តិករសេវាសាធារណៈ និងជាមន្ត្រីពោរពេញដោយគុណសម្បត្តិចំនួន៤យ៉ាងនោះគឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការ វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។

 លោកបានបន្តថា តាមរយៈវគ្គបណ្តុះបណ្តាលនេះរំពឹងថា នឹងទទួលបាននូវធាតុចូលបន្ថែមអំពីវិធីសាស្ត្រ និង របៀបរបបនៃការគ្រប់គ្រងអង្គភាព និងបុគ្គលិក-មន្ត្រីរាជការក្រោមឱវាទ សំដៅធ្វើយ៉ាងណាធានានូវប្រសិទ្ធភាព ការងារនិងសុខដុមនីយកម្មក្នុងអង្គភាពផង។ វគ្គបណ្តុះបណ្តាលនេះក៏នឹងរួមចំណែកផ្តល់ជូនបុគ្គលិក-មន្ត្រីរាជការទាំងអស់នូវអានុភាព ថាមពល ភាពស្វាហាប់ គំនិតវិជ្ជមាន និងឆន្ទៈខ្ពស់ ក្នុងការបំពេញការងាររបស់ខ្លួន ព្រោះថាបុគ្គលិក-មន្ត្រីរាជការគឺជាកោសិការរបស់ស្ថាប័ន និងទ្រទ្រង់ដង្ហើមស្ថាប័នឱ្យដំណើរការទៅប្រកបដោយចីរភាព ស្ថិរភាព និងនិរន្តរភាព។

 លោកបន្ថែមថា សា្ថប័នមួយដំណើរការទៅបាន លុះត្រាតែថ្នាក់ដឹកនាំជាបុគ្គលដែលមានសមត្ថភាព សុខភាពនិង ព្រហ្មវិហារធម៌ រីឯបុគ្គលិកត្រូវជាបុគ្គលដែលមានចំណេះដឹង ជំនាញ ខិតខំតស៊ូ សំភីការងារ និងត្រូវគោរពនូវរាល់អនុសាសន៍និងការណែនាំរបស់ថ្នាក់ដឹកនាំ នោះទើបយើងអាចទទួលបាននូវ «សុខដុមនីយកម្ម»។ លោកក៏បានស្នើឱ្យមន្ត្រីដែលទទួលការផ្តល់សេវាត្រូវតែមានលក្ខណទន់ភ្លន់ចំពោះប្រជាពលរដ្ឋ នៅពេលដែលពួកគាត់មកទទួលសេវា ហើយការផ្តល់សេវានេះត្រូវតែលឿនដើម្បីឱ្យពួកគាត់ជឿទុកចិត្តមកលើមន្ត្រីរបស់យើង ៕

 

Tags

Comment