ភ្នំពេញ ៖ កាលពីម្សិលមិញថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅក្នុងគ្រុបប្រព័ន្ធតេឡេក្រាមដែលមានឈ្មោះថា, (សន្តិសុខសង្គម ២៥ខេត្តក្រុង) បានធ្វើការជជែកវែកញែក ចំពោះសកម្មភាពក្រុមជនស៊ីវិល ប្រមាណ 4-5 នាក់ បានប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មាន ។ ភ្លាមៗនោះពួកគេក៏បានប្ដឹងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើកំណត់ហេតុ ហើយសមត្ថកិច្ចមូលដ្ឋានក៏បានសន្យា ស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីរកមុខជនបង្កខាងលើយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា, ជនស៊ីវិលមួយក្រុម ដែលគេសង្ស័យថា ជាអ្នកកាងទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង បានព្រួតគ្នាវាយដំ និងបោកបំផ្លាញទូរស័ព្ទចំនួន២គ្រឿងរបស់អ្នកសារព័ត៌មាន ។ នេះជាករណីដំបូងហើយដែលមិនធ្លាប់មាននោះទេ ដែលអ្នកសារព័ត៌មាន ត្រូវបានជនស៊ីវិលកាងទីតាំងល្បែងប្រើច្បាប់ព្រៃវាយដំគ្មានត្រាប្រណី។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ បង្កឱ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលកំពុងពេញទៅដោយល្បែងស៊ីសងយ៉ាងអនាធិបតេយ្យទៅហើយ ។ ដោយឡែកអាជ្ញាធរ និងសមត្ថកិច្ច ហាក់បណ្ដែតបណ្ដោយផងដែរ ឱ្យមានបនល្បែងស៊ីសងនេះកើតឡើង។
តាមរយៈវីដេអូឃ្លីបដែលត្រូវគេចែកចាយតៗគ្នា តាមរយៈសារអេឡិចត្រូនិក Telegram បានបង្ហាញពីសកម្មភាពជនស៊ីវិល៤ទៅ៥នាក់ ព្រួតគ្នាវាយយ៉ាងចាស់ដៃទៅលើអ្នកសារព័ត៌មានម្នាក់ និងបានចាប់បោកទូរស័ព្ទចំនួន២គ្រឿងបំផ្លាញចោល បន្ទាប់ពីអ្នកសារព័ត៌មានរូបនោះ ចូលទៅថតទីតាំងល្បែងស៊ីសង ដែលបង្កប់ទៅដោយការភ្នាល់ជល់មាន់អនឡាញ និងអាប៉ោងអនឡាញ ដែលសង្ស័យជាទីតាំងបង់ខែយ៉ាងដុះស្លែចិញ្ចឹមរដ្ឋអំណាចមូលដ្ឋាន ។
ជុំវិញបញ្ហាខាងលើនេះ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ពាក់ព័ន្ធព័ត៌មាននេះ សមត្ថកិច្ចមូលដ្ឋានបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចហើយ និងកំពុងសាកសួរជនរងគ្រោះបន្ថែម ក្នុងការស្វែងរកអត្តសញ្ញាណក្រុមជនដៃដល់ ដើម្បីចាត់ការតាមនីតិវិធី ។
ពិតជារឿងមួយមិនធម្មតា ដែលទីតាំងបង្កប់ល្បែងនៅកណ្តាលក្រុងភ្នំពេញ មានអ្នកកាងសម្រាប់ប្រើច្បាប់ព្រៃបែបនេះបានទៀត តើឯណាទៅឃុំ-សង្កាត់មានសុវត្ថិភាព ?យើងថ្កោលទោសចំពោះការប្រើហិង្សាបែបនេះ និងសង្ឃឹមថា សមត្ថកិច្ចនឹងវែកមុខក្រុមជនដៃដល់ទាំងនោះ នាំមកផ្តន្ទាទោស តាមច្បាប់ជាគំរូជាក់ជាមិនខានឡើយ ។
សូមបញ្ជាក់ថា, ក្រុមអ្នកសារព័ត៌មាន បានបង្ហាញរូបភាពអត្តសញ្ញាណក្រុមជនបង្ក ដែលជាតម្រុយងាយស្រួលបំផុត សម្រាប់សមត្ថកិច្ច ចាប់វិធានការទៅតាមផ្លូវច្បាប់ ៕
Comment