• Today: November 03, 2024

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៖ ករណីសម្លាប់រួចដុតសាកសពបង្វែរជាគ្រោះអគ្គិភ័យ អាចជាប់ទោសមួយជីវិត


ខេត្តព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងកាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ថា ជនសង្ស័យប្រុស-ស្រី ២នាក់ ដែលបានធ្វើសកម្មភាពរំលោភ សម្លាប់ ម្ដាយ និងកូនតូចអាយុ ២ឆ្នាំ ព្រោះតែភ្លើងប្រចណ្ឌនោះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង ចេញដីកាបង្គាប់ឱ្យឃុំជាបណ្ដោះអាសន្ន រង់ចាំសាវនាការ ដោយចោទពីបទ “ឃាតកម្មដោយអំពើឃោរឃៅនិងរំលោភសេពសន្ថវៈ” ដែលមានចែងឱ្យផ្ដន្ទាទោសតាមមាត្រា ២០៥  ដែលមាត្រានេះក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា អាចនឹងជាប់ពន្ធនាគារអស់មួយជីវិត ។ យ៉ាងណាក៏ដោយ យើងនៅរង់ចាំការឡើងសាវនាការសម្រេចសាលក្រមជាស្ថាពរ ។ 


គួរបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ខាងលើ ទី១.ឈ្មោះ នួន ទូច ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ  ខេត្តកំពត, ទី២.ឈ្មោះ មុំ ញ៉េប ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ រីឯស្ត្រីរងគ្រោះ មានឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកូនប្រុសឈ្មោះ ម៉យ ចាន់ អាយុ ២ឆ្នាំ ។
រំលឹករឿងកើតហេតុ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យទាំង ២ នាក់ខាងលើ បានទៅផ្ទះរបស់ជនរងគ្រោះ រួចធ្វើសកម្មភាព រំលោភ និងសម្លាប់ ស្រ្តីរងគ្រោះ និងកូនតូចអាយុ ២ឆ្នាំ រួចយកភ្លើងដុតផ្ទះ និងសពជនរងគ្រោះ ដើម្បីបង្វែរជាករណីគ្រោះអគ្គិភ័យ ដោយសារតែជនសង្ស័យឈ្មោះ នួន ទូច ប្រចណ្ឌស្ដ្រីរងគ្រោះ ជាមួយនិងប្ដីរបស់ខ្លួន ។
ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលខេត្តព្រៃវែង ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស្នងការ លោកស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូប បានចុះដល់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ និងពិនិត្យកន្លែងកើតហេតុ ហើយបានដាក់ការសង្ស័យថាជាករណីឃាតកម្ម ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តក៏បានបើកការស៊ើបអង្កេត និងស្នើសុំជំនួយពីនាយកដ្ឋានបច្ចេកទេសវិជ្ជាសាស្ត្រនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងសុំជំនួយពីអង្គការ CPU ។ 
បន្ទាប់ពីទទួលបានបទបញ្ជាដ៏តឹងរឹងពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តព្រៃវែង ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន កម្លាំងនគរបាលនាយកដ្ឋានបច្ចេកទេស និងកម្លាំងអង្គការ CPU ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុណ្ណា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ១០:០០ នាទីព្រឹក បានមកដល់ទីតាំងកើតហេតុ យកសំណាកផ្សេងៗ ព្រមទាំងយកសពស្ត្រីរងគ្រោះមកវះកាត់ពិនិត្យវិភាគសន្និដ្ឋានរកឃើញថា សពជនរងគ្រោះបានស្លាប់មុនភ្លើងឆេះទៅទៀត ។ 
ដោយយោងលើការសន្និដ្ឋានបែបនេះហើយ ទើបលោកស្នងការនគរបាលខេត្តព្រៃវែង និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត មានមូលដ្ឋានក្នុងការស្រាវជ្រាវបន្ត រហូតកំណត់មុខសញ្ញាសង្ស័យបាន ២នាក់ ម្នាក់ឈ្មោះ នួន ទូច និងម្នាក់ទៀតឈ្មោះ មុំ ញ៉េប បន្ទាប់មកនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ សួរចម្លើយពួកគាត់ពីរថ្ងៃពេញ ទើបចេញលទ្ធផលសារភាពស៊ីសង្វាក់គ្នាគ្រប់បែបយ៉ាង ទាំងវត្ថុតាង ពេលវេលា សាក្សី និងអង្គហេតុ ៕

Tags

Comment