ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ ស្រ្តី២នាក់ ដែលជាមុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មនៅស្រុកសំពៅលូន ត្រូវបានកម្លាំងនគរបាលជំនាញស្រុក ចុះស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្ដែង រួមមាននិងថ្នាំញៀនជាច្រើនកញ្ចប់។
លោកស្នងការនគរបាលខេត្ត បានបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៧ ខែកក្កដាម្សិលមិញ នៅចំណុចក្រុមទី១៧ ភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សូមជម្រាបជូនថាលោកវរសេនីយ៍ឯក សុខ និមលស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើនិងបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់មានឈ្មោះសុង សារិន ភេទស្រីអាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងនិង ឈ្មោះហឿន គឹមស៊្រាន់ ភេទស្រីអាយុ៦១ឆ្នាំមានទីលំនៅភូមិអូរកណ្តោល សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ១៩ថង់ និងច្រកក្នុងទុយោចំនួន ៩៤កំណាត់ទុយោ សង្ស័យមានសារធាតុញៀននិងទូរស័ព្ទដៃចំនួន០២គ្រឿង(ចាស់)។
បច្ចុប្បន្ននគរបាលស្រុកបាននឹងកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមកផែនជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Comment