វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តនាព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០២៣ក្រោមអធិបតីភាព ឯកឧត្តម មួង ប៉ាង អភិបាលរង ខេត្តរតនគិរី ដែលមានសិក្ខាកាមចូលរួមរៀនសូត្រចំនួន១១៣ នាក់ក្នុងនោះស្រី២៧នាក់។
លោក ខេង សារ៉ាត់ ប្រធានស្តីទី មន្ទីរផែនការខេត្ត មានប្រសាសន៍ថា វគ្គបណ្តុះបណ្ដាលស្តីពីការប្រមូលទិន្នន័យជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់មន្ត្រីត្រួត
ពិនិត្យនិងមន្ត្រីសំភាសន៍នៅខេត្ថរតនគិរីនាពេលនេះគឺពិតជាសំខាន់ណាស់សម្រាប់មន្ត្រីសម្ភាសន៍ និងមន្ត្រីត្រួត ពិនិត្យ ដើម្បីទទួលបានចំណេះដឹង និងចំណេះធ្វើពេលចុះធ្វើយុទ្ធនាការសម្ភាសន៍ នៅតាមទីតាំងអង្គភាពកសិកម្ម ដែលមានជាអាទិ៍ គ្រួសារកាន់កាប់កសិកម្ម និងសហគ្រាស កសិដ្ឋានកសិកម្មគ្រប់ប្រភេទ និងគ្រប់ទំហំ ខ្នាតទាំងអស់ ដែលស្ថិតនៅក្នុងមូលដ្ឋានភូមិ ឃុំសង្កាត់ ក្រុងស្រុក ចាប់ពីថ្ងៃទី ០១ ដល់ទី៣០ ខែមេសា ឆ្នាំ២០២៣។លោក ខេង សារ៉ាត់ បន្តថា គោលបំណង និងសារៈសំខាន់បំផុតនៃជំរឿនកសិកម្មកម្ពុជា គឺជាការងារមានគុណតម្លៃបំផុតជាប្រវត្តិសាស្ត្រ ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការធ្វើគោលនយោបាយអភិវឌ្ឍន៍វិស័យ កសិកម្ម សេដ្ឋកិច្ច បរិស្ថាន សង្គម និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និង ជាសូចនាករយ៉ាងសំខាន់ សម្រាប់ធ្វើការត្រួតពិនិត្យតាមដានវាយតម្លៃលើផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ការគណនាកំណើនសេដ្ឋកិច្ច(គណនេយ្យជាតិ) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។
ក្នុងន័យនេះយើងត្រូវមានទិន្នន័យ តួលេខឱ្យបានច្បាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ ឆ្លើយតបតម្រូវការរបស់អ្នកប្រើប្រាស់ទិន្នន័យដោយផ្អែកតាមបរិបទសេដ្ឋកិច្ចក្នុងតំបន់ និង សកលលោកដែលមានការប្រែប្រួលរីកចម្រើនយ៉ាងឆាប់រហ័ស និងការបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ដែលនឹងនាំមកនូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។
ថ្លែងបើកវគ្គបណ្តុះបណ្តាលដ៏មានសារៈខាន់នេះឯកឧត្តមមួង ប៉ាង អភិបាលរងខេត្តរតនគិរីមានប្រសាសន៍ថា ការធ្វើជំរឿនកសិកម្ម គឺអនុវត្តរៀងរាល់១០ឆ្នាំម្តង កាលពីឆ្នាំ២០១៣ ប្រទេសកម្ពុជា ក៏ដូចជាខេត្តរតនគិរី បានធ្វើជំរឿនកសិកម្មនេះម្តងរួចមកហើយ។រហូតមកដល់ឆ្នាំ២០២៣នេះ
យើងនឹងធ្វើជំរឿនកសិកម្មនេះម្តងទៀតដោយផ្ដោតសំខាន់ទៅលើការប្រមូល និងចងក្រងទិន្នន័យ កាន់កាប់របរកសិកម្ម ការកាន់កាប់ដីធ្លី ការដាំដុះដំណាំផ្សេងៗ ការចិញ្ចឹមបសុសត្វនិង បសុបក្សី ការនេសាទ និងវារីវប្បកម្ម សកម្មភាពសេដ្ឋកិច្ច ការកាន់កាប់គ្រួសារកសិកម្មគ្រួសារកសិកម្ម និងប្រជាជន សន្តិសុខស្បៀង និងគ្រួសារកសិកម្ម វិធីសាស្រ្តប្រមូល និង គុណភាពទិន្នន័យ ។ ហើយទិន្នន័យដែលប្រមូលបាន និងចងក្រងស្ថិតិពីជំរឿន ត្រូវយកមកប្រើប្រាស់ក្នុងការរៀបចំផែនការ និងកសាងគោលនយោបាយកម្មវិធីអភិវឌ្ឍន៍នានាដើម្បីលើកកម្ពស់វិស័យកសិកម្មឱ្យបានល្អប្រសើរ ។ឯកឧត្តមអភិបាលរងខេត្តបានចាត់ទុកវគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយមានសារសំខាន់ណាស់ព្រោះថា លោក លោកស្រីដែលអញ្ជើញមកពី មន្រ្តីមន្ទីរផែនការខេត្ត បុគ្គលិកកសិកម្ម គ្រូបង្រៀន និងអ្នកមកពីប្រភពផ្សេងៗទៀត នឹងទទួលបាននូវផ្នែកបច្ចេកទេស នីតិវិធី និងវិធីសាស្ត្រចំណេះដឹង ក្នុងការប្រមូលទិន្ន័យកសិកម្មឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយទៅតាមបញ្ជីសំណួរជំរឿនដែលបានកំណត់៕
Comment