• Today: November 21, 2024

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តធំៗ ចំនួន ០៣គ្រឿង បុកគ្នាជាមួយរថយន្តក្រុងដឹកអ្នកដំណើរ នៅជ្រោះ “លោកយាយម៉ៅពេជ្រនិល” បណ្តាលឱ្យស្លាប់ម្នាក់ និងរងបួសជាច្រើននាក់

កំពង់ស្ពឺ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រថយន្តធំៗ ចំនួន ០៣គ្រឿង បុកគ្នានៅចំណោទ “លោកយាយពេជ្រនិល” ក្នុងស្រុកភ្នំស្រួច បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងច្រើននាក់រងរបួសធ្ងន់ និងស្រាល ខណៈពេលនេះសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ កំពុងអន្តរាគម៍សម្រួលចរាចរ និងជួយសង្គ្រោះជនរងគ្រោះដឹកយកទៅកាន់មន្ទីរពេទ្យ។

សេចក្តីរាយការណ៍ព័ត៌មាន បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ (១០៣-១០៤) ត្រង់ចំណុច ចំណោទលោកយាយ “ម៉ៅពេជ្រនិល” ក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ តាមព័ត៌មានបឋម មានជនរងគ្រោះម្នាក់ស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសធ្ងន់ និងស្រាលកំពុងជួយសង្គ្រោះ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា មានរថយន្ត ០១គ្រឿង ម៉ាក SHACMAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3G-1758 សណ្តោងរ៉ឺម៉ក់ (ស៊ីទែនហ្គាស) ពណ៌ស សឺមីរ៉ឺមក ពាក់ស្លាកលេខ ភ្នំពេញ 4B-0249 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានចុះរត់គេចបាត់ ធ្វើដំណើរមកពីទិសខាងកើតឆ្ពោះទៅលិច ដល់ចំណុចគ្រោះថ្នាក់បានជ្រុលបុករថយន្ត ០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3C-3445 សណ្តោងរ៉ឺម៉ក់ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-1424 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រួចបន្តទៅបុករថយន្ត ០១គ្រឿងទៀត ម៉ាក FORD TRANST ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3F-5325 របស់ក្រុងហ៊ុនដឹកអ្នកដំណើរ “វិបុល” អ្នកបើកបរមិនស្គាល់អត្តសញ្ញាណកំពុងបើកបរបញ្រ្ចាសទិសគ្នា។

ក្នុងករណីគ្រោះថ្នាក់ខាងលើនេះ បណ្ដាលឲ្យស្លាប់ ០១នាក់ ប្រុសនៅកន្លែងកើតហេតុ របួសស្រាលធ្ងន់ ស្រាលជាច្រើននាក់ ខូចខាតរថយន្ត ចំនួន ០៣គ្រឿង ធ្ងន់ ០២គ្រឿង។

បច្ចុប្បន្ននេះ កម្លាំងនគរបាលស្រុកភ្នំស្រួច កំពុងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ជៀសវាងបង្កឲ្យមានការកកស្ទះចរាចរណ៍ និងជួសង្គ្រោះអ្នករងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

Tags

Comment