• Today: December 03, 2024

អតីតមន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល លោក បែល វ៉ាន់ដែត ដែលដកកាំភ្លើងភ្ជង់គំរាមអ្នកដទៃ ត្រូវនគរបាលចាប់ខ្លួនតាមអំណាចដីការបស់តុលាការ

ភ្នំពេញ៖  កម្លាំងនគរបាលផែនសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាត សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ប្រតិបត្តិការចាប់ខ្លួនលោក បែល វ៉ាន់ដែត អតីតីអគ្គនាយករង អគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានហើយតាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការក្រុងភ្នំពេញ។

ការចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនេះ ធ្វើឡើងនៅពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខផ្ទៃក្នង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៣៦៥ ដ.ច.ន ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ចេញដោយលោក អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទឈ្មោះ បែល វ៉ន់ដេត ភេទប្រុស អាយុ ៣៨ឆ្នាំ កើតថ្ងៃទី០៧ ខែមីនា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ មុខរបរមន្ត្រីរាជការ ទីកន្លែងកំណើតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ០៨ (បុរីជីបម៉ុង៥៩៨) ផ្លូវលេខPo៤ ក្រុមទី៣ ភូមិ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឪពុកឈ្មោះ បែល សុខុម (រស់) ,ម្តាយឈ្មោះ ឯក សៀងហាន (រស់) ប្រពន្ធឈ្មោះ សាលី ផល្លីន មានកូន ចំនួន០៣នាក់ កំរិតវប្បធម៌រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជានីតិជន ទោសពីមុនគា្មន។ 

យោងតាមដីកាបានឱ្យដឹងថា ជនត្រូវចោទត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទ៖ គំរាមកំហងថានឹងសម្លាប់ (កាន់កាំភ្លើងខ្លី ម៉ាក GLOCK និងប្រើកាំភ្លើងគំរាមជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចបុរីជីពម៉ុង៥៩៨ ផ្ទះលេខា៤១ ក្រុមទី៣ ភូមិ១២ សង្កាត់ច្រាំងចំរោះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ៤៩០ និងមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទក្នុងបទល្មើសដែលចោទប្រកាន់ជាបទមជ្ឈិមតម្រូវឲ្យផ្តន្ទាទោសដាក់ពន្ធនាគារ និងដោយហេតុថា ជនត្រូវចោទមិនបានគោរពកាតព្វកិច្ចតាមចំណុច "ង" (ហាមទៅគំរាមកំហែង ឬគៀបសង្កត់ ឬទៅបរិវេណលំនៅដ្ឋាន របស់ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី) នៃដីកាសម្រេចដាក់ ជនត្រូវចោទឲ្យស្ថិតនៅក្រោមការពិនិត្យតាមផ្លូវតុលាការលេខ ២៣១៧ "ឍ" ដ.ព.ស ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។ គប្បីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន តាមមាត្រា ១៩៥ និងមាត្រា១៩៦ នៃក្រុមនីតិវិធីព្រហ្មទណ្ឌ។សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចប់តំណែងមន្ត្រីជាន់ខ្ពស់ឈ្មោះ បែល វ៉ាន់ដែត ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រោះតែការដកកាំភ្លើងភ្ជង់អ្នកដទៃក្នុងរឿងបើកបររថយន្តមិនចេះអព្យាស្រ័យឱ្យគ្នាទៅវិញទៅមក។ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរសារបង្ហោះលើបណ្តាញតេលាក្រាម អមដោយអនុក្រឹត្យបញ្ចប់មុខតំណែងថា «បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឱ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាម អ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់»

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវធ្វើកិច្ចការជាមួយតុលាការរាជធានីភ្នំពេញកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោស ដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត ។

សូមរំឭកដែរថា លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានដោះលែងឈ្មោះ បែល វ៉ាន់ដែត ភេទប្រុស មានតួនាទីជា អនុប្រធាននាយកដ្ឋាននៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គ្រាន់តែដាក់ជនសង្ស័យរូបនេះ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែប៉ុណ្ណោះ។ បន្ទាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ បានចោទប្រកាន់ពីបទ គំរាមសម្លាប់ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

សូមបញ្ជាក់ថា ករណីគំរាមសម្លាប់នេះ កើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Land Rover ពណ៌ស និងរថយន្ត Ford Ranger ពណ៌ខ្មៅ រហូតធ្វើឲ្យម្ចាស់រថយន្ត Land Rover ខឹងជិះតាមដល់មុខផ្ទះ និងដកកាំភ្លើងភ្ជង់លើម្ចាស់រថយន្ត Ford Ranger តែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង២៤នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងបុរីជីបម៉ុង ផ្លូវលេខ៥៩៨ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយជនបង្កក្នុងហេតុការណ៍នោះ ឈ្មោះ បែល វ៉ាន់ដែត អាយុ៣៨ឆ្នាំ ត្រូវនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនតាមពាក្យបណ្តឹងជនរងគ្រោះក្នុងយប់ដដែល។

ចំណែកភាគីម្ខាងទៀត ជាជនរងគ្រោះមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត បានប្តឹងទៅនគរបាលក្នុងមូលដ្ឋាន ទើបនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់បាននៅវេលាម៉ោង១០យប់ គឺក្នុងរយៈពេលក្រោយកើតហេតុជាងមួយម៉ោង ដើម្បីយកមកសួរនាំនៅនគរបាលខណ្ឌ។ ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើម ម៉ាកGlook ពណ៌ខ្មៅ គ្រាប់១៣គ្រាប់ គ្មានច្បាប់អនុញ្ញាត , រថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199។បច្ចុប្បន្ន ជនត្រូវចោទសមត្ថកិច្ចបាននាំខ្លួនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបំពេញបែបបទបន្ថែមបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់៕

Tags

Comment