ខេត្តព្រះសីហនុ÷ពលរដ្ឋបានថតផ្ដិតយករូបភាពរាយការណ៍មកអង្គភាពសារព័ត៌មានយើងថាការស្ថាបនាផ្លូវបេតុងមួយខ្សែមានទទឹង 5 ម៉ែត្របណ្ដោយ 830 ម៉ែត្រដែលមានទីតាំងស្ថិតនៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្ថាបនាដោយក្រុមហ៊ុន យិន សុខ មានភាពមិនប្រក្រតី។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី23 ខែមិថុនាឆ្នាំ 2023ក្រុមអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយករូបភាពដល់កន្លែងស្ថាបនាផ្លូវនេះឃើញថាពិតជាមានភាពមិនប្រក្រតីដូចពលរដ្ឋលើកឡើងមែន។
ភាពមិនប្រក្រតីរបស់ក្រុមហ៊ុន យិន សុខ ដែលប្រជាពលរដ្ឋរាយការណ៍មកនោះមានដូចជាការពង្រាបដីមិនស្មើ មានខ្ពស់មានទាប បង្ហាប់ដីមិនបានហាប់ល្អ ដីនៅផុងជ្រាយមិនបង្ហាប់ឲ្យណែនជាដើម។
ជាពិសេសនោះមិនបានក្រាលថ្មផេះពីក្រោមឲ្យបានល្អ មានន័យថាក្រាលស្ដើងៗកន្លែងខ្លះស្ទើរគ្មានតែម្តង។
ចំណែកឯការចងដែករបស់ក្រុមហ៊ុន យិន សុខ វិញឃើញថាគុំលាប0.25ម៉ែត្រហើយជាងនេះទៅទៀតនោះក្រុមហ៊ុនទទួលសាងសង់នេះបានដាក់ដែកមិនមានកំណល់កល់នោះឡើយហើយក៏ចាក់បេតុងពីលើតែម្ដង។
សូមជម្រាបថាការចាក់បេតុងមានក្រាសមានស្តើងបែបនេះតើវាអាចត្រូវស្តង់ដារដែរឬទេបើកន្លែងខ្លះស្ដើងកន្លែងខ្លះក្រាស់បែបនេះមិនគ្រប់ស្តង់ដារកម្រាស់ 0.15 ម៉ែត្រ។
មួយទៀតបើបង្ហាប់ដីមិនបានល្អនៅជ្រាយមិនក្រាលថ្មផេះឲ្យគ្រប់ស្តង់ដារតើវាអាចទ្រទម្ងន់រថយន្តបានប៉ុន្មនគីឡូក្រាមដែរ? តើផ្លូវមួយខ្សែធ្វើពីបេតុងខាងលើនេះអាចប្រើបានប៉ុន្មានខែ-ឆ្នាំដែរទានម្ចាស់?
ភាពមិនប្រក្រតីនេះត្រូវបានមហាជនក៏ដូចជាប្រជាពលរដ្ឋដែលបានឃើញការស្ថាបនាផ្លូវមួយខ្សែរបស់ក្រុមហ៊ុន យិន សុខ ដែលធ្វើឡើងមានភាពមិនប្រក្រតីនេះត្រូវបានគេដាក់ការសង្ស័យថាមានការគប់គិតគ្នាជាលក្ខណៈប្រព័ន្ធហើយទើបបានជាក្រុមហ៊ុន យិន សុខ មួយនេះធ្វើលំៗលេងៗឱ្យតែបាននិងប្រមូលលុយដាក់ហោប៉ាវចែកគ្នាតែម្ដងហើយមើលទៅ។
ហើយកន្លងមកមិនដឹងថាក្រុមហ៊ុន យិន សុខ នេះបានដេញថ្លៃធ្វើផ្លូវបេតុងឃុំសង្កាត់ប៉ុន្មានកន្លែងនោះទេ។ហើយបើធ្វើលំៗលេងៗដូចបីឡុកបីឡរធ្វើឲ្យតែបានៗ ប្រមូលលុយដាក់ហោប៉ាវចាយយ៉ាងហ៊ឺហាបែបនេះ អនាគតផ្លូវបេតុងក្រុមហ៊ុន យិន សុខ ប្រើមិនបានប៉ុន្មានឆ្នាំផងវានឹងបាក់បែកខ្ទេចខ្ទីជាក់ជាមិនខាន។
ជុំវិញមតិរិះគន់ខាងលើអ្នកសារព័ត៌មានយើងបានសុំការបំភ្លឺពីលោក វ៉ាន់ ណូ មេឃុំអណ្ដូងថ្ម លោកបានមានប្រសាសន៍នៅថ្ងៃទី 23 ខែមិថុនាឆ្នាំ 2023ថា កាលពីម្សិលម្ងៃលោកបានចុះទៅពិនិត្យទីតាំងខាងលើរួចហើយ ដោយឃើញថាស្តង់ដានៃការធ្វើ គឺត្រឹមត្រូវធម្មតា ប៉ុន្តែនៅថ្ងៃនេះលោកមានរវល់ដូចនេះលោកមិនបានចុះទៅពិនិត្យទេ។ លោកបញ្ជាក់ថាក្រែងពេលលោកមិននៅគេដាក់មិនគ្រប់លោកក៏មិនដឹងដែរ។
លោកបញ្ជាក់បន្ថែមថាចំពោះគម្រោងនេះគឺគេមិនបានដេញថ្លៃនៅឃុំរបស់លោកទេគឺគេធ្វើឡើងនៅឯខាងស្រុកឯណោះ។ដូចនេះលោកបានត្រឹមតែមើលប៉ុណ្ណោះចំពោះប្លង់អ្វីផ្សេងៗ អាចទៅសួរខាងស្រុកបាន។
លោក អ៊ីធារិនអភិបាលស្រុកព្រៃនប់ នៅថ្ងៃទី 23 ខែមិថុនាឆ្នាំ 2023នេះថា
ពាក់ព័ន្ធនិងបច្ចេកទេសធ្វើផ្លូវលោកក៏មិនសូវច្បាស់ដែរដូចនេះលោកឲ្យទៅសួរផ្នែកលទ្ធកម្មវិញទើបដឹងច្បាស់ ។
លោក ចាន់ សេង ប្រធានលទ្ធកម្មស្រុកព្រៃនប់ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី 23 ខែមិថុនាឆ្នាំ 2023 រៀបរាប់ស្ថានភាពនៃការស្ថាបនាផ្លូវបេតុងមួយខ្សែនេះដោយមានភាពមិនប្រក្រតីហើយយើងមិនទាន់បានសួរសំណួរទៅលោកផងលោកក៏បានអរគុណបិទទូរសព្ទតែម្ដង។ អ្នកសារព័ត៌មានយើងបានហៅទូរស័ព្ទទៅម្ដងទៀត ហើយក៏ជម្រាបថាខ្ញុំមិនទាន់បានសុំការបំភ្លឺពីលោកផង។ដូច្នេះសូមលោកបំភ្លឺជុំវិញករណីខាងលើនេះដើម្បីឲ្យអ្នកសារព័ត៌មានយើងបានជាទន់ដើម្បីផ្សព្វផ្សាយជ្រាបដល់ថ្នាក់ដឹកនាំនិងស្រទាប់មហាជនឲ្យបានជ្រាបពេលនោះលោក ចាន់ សេងក៏បានប្រាប់មកអ្នកសារព័ត៌មានយើងថាលោកកំពុងឈឺលោកក៏បិទទូរសព្ទភ្លាមៗតែម្តង។
ប៉ុន្តែការសន្ទនារវាងអ្នកសារព័ត៌មាននិងលោកនៅមុនដែលលោកឆ្លើយថាឈឺគឺសំឡេងរបស់លោកហាក់បីដូចជាមិនមែនជាអ្នកឈឺនោះទេ។តែក្រោយពេលដែលអ្នកសារព៌តមានសុំការបំភ្លឺជុំវិញករណីក្រុមហ៊ុន យិន សុខ ស្ថាបនាផ្លូវមានភាពមិនប្រក្រតីលោកបែរថាលោកថាឈឺទៅវិញគួរឲ្យអស់សំណើចមែនទែនហើយក្នុងលោកនេះ។
ជុំវិញបញ្ហាខាងលើនេះយើងមិនអាចសុំការបំភ្លឺពីក្រុមហ៊ុន យិន សុខ បាននោះទេព្រោះគ្មានលេខទូរសព្ទទំនាក់ទំនង។ប៉ុន្តែនៅពេលក្រុមអ្នកសារព័ត៌មានទៅថតផ្ដិតយករូបភាពបានសួររកលេខទូរសព្ទក្រុមហ៊ុន យិន សុខ ដែរតែកម្មករឆ្លើយថាមិនស្គាល់ ហើយអ្នកសារព័ត៌មានយើងក៏បានទម្លាក់លេខទូរសព្ទទុកឲ្យកម្មករដែលកំពុងស្ថាបនាផ្លូវនេះសម្រាប់ឲ្យប្រធានក្រុមហ៊ុនមួយនេះទំនាក់ទំនងយើងនឹងសុំការបំភ្លឺពីគាត់។តែមកដល់ម៉ោងនេះក្រុមហ៊ុនយិន សុខ មិនបានទំនាក់ទំនងមកអ្នកសារព័ត៌មានយើងនោះឡើយ។
Comment