ភ្នំពេញ៖ ព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាប នឹងចាប់ផ្តើមបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបណ្តាញសារព័ត៌មាន msj ទទួលបាននៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានកិត្តិយសសូមជម្រាបជូន លោក-លោកស្រី ជា ប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងសាធារណជន ទាំងអស់ មេត្តាជ្រាបថា៖
១- អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិកៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជីរដ្ឋាភិបាល កម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) និងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ តទៅ។
២- អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាស៍ចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។
៣- គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប (Siem Reap International Airport-REP) បច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(Siem Reap Angkor International Airport) ចាប់ពីម៉ោង ០០និង០០នាទី ម៉ោងនៅកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
៤- ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួន តាមការចាំបាច់ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី0៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
៥- ដើម្បីចូលរួមរៀបចំផែនការ នៃការផ្ទេរជើងហោះហើរ អាជីវកម្មដឹកជញ្ជួនអ្នក ដំណើរនិងទំនិញតាមផ្លូវអាកាស និងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ (Siem Reap Angkor International Airport) រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្នើសុំប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ អាចចាប់ផ្តើមទំនាក់ទំនងចាប់ពីពេលនេះតទៅ៕
Comment