ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន គឺលោក ប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការ ប្រតិបត្តិគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ ក្រោយការចាប់ខ្លួនពីសំណាក់សមត្ថកិច្ច បានសារភាពថា “ខ្លួនបានទទួលបញ្ជាពីទណ្ឌិត សម រង្ស៊ី ឲ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យចូលរួមបោះឆ្នោតសម្រាប់ថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ឲ្យគូសសន្លឹកឆ្នោតខ្វែងចោលដែលផ្ទុយពីឆន្ទះប្រជាពលរដ្ឋ”។
លោក ប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការ ប្រតិបត្តិគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ ក្រៅពីសារភាពនូវកំហុសរបស់ខ្លួន ក៏បានធ្វើរសុំទោសចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ចំពោះទង្វើរបស់ខ្លួនដែលបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនេះ ដោយស្តាប់តាមបញ្ជារបស់ទណ្ឌិត សម រង្ស៊ី ទាំងងងើល។
សូមបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន ០២រូប រួមមាន៖
ទី១- ឈ្មោះ លី រី សមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន។
ទី២- ឈ្មោះ ប៊ុន ខេត ប្រធានស្តីទី ប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។
បុគ្គលទាំងទាំង ០២រូប ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ សមាជិកគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ឲ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត នៅពេលដែលទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ តាមបញ្ជារបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ គ.ជ.ប បានចេញសេចក្តីប្រកាសថា ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្តាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជា ពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំ បែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។
មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត៖ ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែម្តង។
គ.ជ.ប សូមអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ទាំងអស់មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃបោះឆ្នោត គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា “យើង ប្រជារាស្ត្រខ្មែរ បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្ដាច់ រួបរួមគ្នា ពង្រឹងឯកភាព ជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅ ជា “កោះសន្តិភាព” ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរព ច្បាប់ ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើងរីកចំរើន លូតលាស់សម្បូររុងរឿងជានិច្ចនិរន្តរ៍”។
គ.ជ.ប សូមអំពាវនាវ សូមប្រជាពលរដ្ឋ កុំចាញ់បោកទង្វើទុច្ចរិតរបស់ជនអគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន និងនាំបងប្អូនឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។
លោក សេង សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មេដឹកនាំគណបក្សភ្លើងទៀន ០២នាក់ គឺ៖
ទី១- ឈ្មោះ ប៊ុន ខេត ភេទប្រុស កើតថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៩៦៣ ជនជាតិខ្មែរ កើតនៅភូមិប្ញស្សីសាញ់ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្ដាល អត្តព្រៃវែង សាសនាព្រះពុទ្ធ អាសយដ្ឋានមុនឃាត់ខ្លួន នៅភូមិតែង រលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី២- ឈ្មោះ លី រី ភេទប្រុស កើតថ្ងៃទី០៨ ខែតុលា ឆ្នាំ១៩៧៦ សញ្ជាតិខ្មែរ កើតនៅភូមិចុងកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល សាសព្រះពុទ្ធ អាសយដ្ឋានមុនពេលឃាត់ខ្លួន នៅផ្លូវលំ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពីពប្រាកដ។
ជនទាំង ០២រូប ត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ញុះញង់បន្តមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចល់ដល់ការបោះឆ្នោត) ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ ២០២៣ និងពេលបន្តបន្ទាប់ បទល្មើសដែលមានចែងផ្ដន្ទាទោសតាមមាត្រា ៧៨៩ និងមាត្រា ៧៥៥ នៃក្រមព្រហ្មទណ្ឌ។
ក្រោយការចាប់ខ្លួន បុគ្គលទាំង ០២រូប ខាងលើ គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ សម្តែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន ចំនួនពីររូបក្នុងពេលថ្មីៗនេះ។
លោក លី រី សមាជិកគណៈកម្មាធិការនាយក និងជាសមាជិក ក្រុមការងារគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ និងលោក ប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការ ប្រតិបត្តិគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចាប់ខ្លូន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
បច្ចុប្បន្ន លោក លី រី សមាជិកគណៈកម្មាធិការនាយក និងជាសមាជិក ក្រុមការងារគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ និងលោក ប៊ុន ខេត ប្រធានស្តីទីគណៈកម្មាធិការ ប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ ត្រូវបានលោកចៅក្រមស៊ើបសួរ បញ្ជាឱ្យភ្នាក់ងារមានសមន្តកិច្ចកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទទៅមណ្ឌលអប់រំកែប្រែទី១ (ម) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់៕
Comment