• Today: November 21, 2024

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យមនារសៀលថ្ងៃនេះ!

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទទី១០ ខែមេសា ឆ្នាំ២០២៣នេះ នឹងអញ្ជើញជួបសំណេះសំណាល និងពិសាអាហារ​​សាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ច​នៅកម្ពុជា​ ដែលនឹងរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះ​ពេជ្រ។

ក្នុងពិធីនេះដែរ​ ដោយមានការអញ្ជើញចូលរួម​ពីសម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​កិត្តិយស FASMEC, លោកកិត្តិសេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧហ្សាហកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធានកិតិ្តយស FASMEC, និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ​ប្រមាណ​ប្រាំពាន់នាក់ ដែលក្នុងនោះ រួមមានអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល សហការី នៃសមាគមមូលនិធិសម្ដេចតេជោ ប្រធានសាខា FASMEC តាមបណ្តាលខេត្ត ដៃគូរអង្គការក្រៅរដ្ឋាភិបាល ធនាគារដៃគូរ ក្រុមហ៊ុនដៃគូរ និង សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាមកពី២៥ រាជធានី និងខេត្ត។

វិស័យនេះ បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូន​ប្រជាពល​រដ្ឋកម្ពុជាទូទាំងប្រទេស។ មិនតែប៉ុណ្ណោះវិស័យសហគ្រាសធុនតូច និងមធ្យម និង​សិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដោយក្នុងនោះ​សហគ្រាស​ជាង ៩០ភាគរយ នៅកម្ពុជា គឺជាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែល​បានផ្តល់ការងារជាង ៧០ភាគរយ ស្មើនឹងប្រមាណ ៥៨ភាគរយ​នៃផលិត​ផល​ក្នុងស្រុកសរុប។

បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មានចំនួន​សរុប​ជាង ៧០ម៉ឺនមូលដ្ឋាន ក្នុងនោះវិស័យកម្មន្តសាលមានប្រមាណ ៧ភាគរយ ស្មើ​នឹង​ជាង ៤ម៉ឺនមូលដ្ឋាន ហើយភាគច្រើន គឺប្រភេទកែច្នៃចំណីអាហារប្រមាណជា ៨០ភាគរយ។ ក្នុងនោះរោងចក្រធុនធំ មានជិត ២ពាន់មូលដ្ឋាន។

ដោយមើលឃើញពីសារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យមនេះហើយ រាជ​រដ្ឋា​ភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាជាច្រើន ដើម្បីទ្រទ្រង់ដល់សកម្មភាព​របស់ពួកគេក្នុងកំលុងពេលជួបវិបត្តិជំងឺកូវីដ-១៩។

ដើម្បីដោះស្រាយផលលំបាកបង្កដោយជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាពិសេស ៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, បង្កើតគម្រោងសហហិរញ្ញប្បទានចំនួន ១០០លានដុល្លារ ក្នុងបដិភាគស្មើគ្នារវាង SME Bank និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលចូលរួមចំនួន៣៣ និងផ្តល់ដើមទុន ២០០លានដុល្លារ សម្រាប់បង្កើតសាជីវកម្មធានាឥណទានកម្ពុជា។ 

សូមជម្រាបជូនថា​ ក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គីនៅរសៀលថ្ងៃនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះអ្នកធ្វើធុរកិច្ច និងជាម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាវិស័យដ៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ៕

Tags

Comment