(កំពត)ថ្លែងក្នុងទិវាធានារ៉ាប់រងជាតិកម្ពុជាដែលបានធ្វើឡើងនៅបរិវេនពួហុកីឡាដ្ឋានខឹត្តកំពត កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្តុមិនមែនធនាគារបានលើកឡើងឱ្យដឹងថាវិស័យធានារ៉ាប់រងកម្ពុជាមានសន្ទុះរីកចម្រើនគួរឱ្យកក់សម្គាល់ នៅក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមកនេះ។
កម្ពុជាមានទំហំទីផ្សារធានារ៉ាប់រងបានកើនឡើង ដល់ប្រមាណ៣៣២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រាប្រមាណ១,១៧% នៃផលិតផលក្នុងស្រុកសរុប។
មន្ត្រីជំនាញបញ្ជាក់ថា អត្រានេះស្ថិតក្នុងកម្រិតទាបនៅឡើយបើធៀបនឹងបណ្តាប្រទេសផ្សេងៗ ហើយកម្ពុជាអះអាងថា នឹងជំរុញអត្រាធានារ៉ាប់រងឲ្យកើនដល់៥,៥% នៃ ផ.ស.ស នៅឆ្នាំ២០៣០។
ជាក់ស្តែងទីផ្សារធានារ៉ាប់រងកម្ពុជាបច្ចុប្បន្ន មានគ្រឹះស្ថានធានារ៉ាប់រងសរុប ចំនួន៩៧ ក្នុងនោះរួមមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨. ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧, ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១ ,ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន២០ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន៣៤ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន៣, កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង។
ជាមួយនឹងកំណើនគ្រឹះស្ថានធានារ៉ាប់រងនេះ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជាបានកើនឡើង ដល់ប្រមាណ ៣៣២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជាជា អត្រាប្រមាណ ១,១៧% នៃ ផ.ស.ស. និងដង់ស៊ីតេធានារ៉ាប់រងចំនួន ២០,៥៣ ដុល្លារអាមេរិកក្នុងមួយនាក់ អត្រានេះស្ថិតនៅកម្រិតទាបនៅឡើយបើធៀបនឹងបណ្តាប្រទេសផ្សេងៗ។
ឯកឧត្តម ប៊ូ ច័ន្ទគីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានលើកឡើងថា ផ្អែកតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និយ័តករធានារ៉ាប់រងកម្ពុជាក៏មានផែនការជំរុញ អត្រាធានារ៉ាប់រងឲ្យកើនដល់៥,៥% នៃ ផ.ស.ស នៅឆ្នាំ២០៣០ ។
ទិវាធានារ៉ាប់រងកម្ពុជា មានគោលបំណងសំខាន់ចំនួន ៣ ទី១)ជាការលើកកម្ពស់ការយល់ដឹង និងជំរុញការ ផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន ទី២)ជាការបង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យមានពិពិធកម្មផលិតផលហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ ក្នុងអណត្តិទី៦របស់រាជរដ្ឋាភិបាល និង ទី៣) ជាការបង្ហាញដល់សាធារណជនឱ្យបានជ្រាបថា វិស័យ ធានារ៉ាប់រងជាផ្នែកដ៏សំខាន់មួយនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលមានតួនាទីក្នុងការចូលរួមចំណែកកសាងសំណាញ់ សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចថ្នាក់ជាតិ។(សឹង រ៉ាត់)
Comment