• Today: November 21, 2024

គ.ជ.ប.ជ ស្រង់គ្រប់ព័ត៌មានទាំងឡាយ ពាក់ព័ន្ធការជួញដូរមនុស្ស រាប់ទាំងព័ត៌មានចេញដោយក្រសួងការបរទេសអាមេរិក ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលាចំពោះបញ្ហានេះ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានជម្រុញដល់លេខាធិការដ្ឋាន (គ.ជ.ប.ជ) ស្រង់គ្រប់ព័ត៌មានទាំងឡាយ ពាក់ព័ន្ធការជួញដូរមនុស្ស រាប់ទាំងព័ត៌មានចេញដោយក្រសួងការបរទេសអាមេរិក ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលាចំពោះបញ្ហានេះ។

សម្តេចក្រឡាហោម ស ខេង ថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. បានធ្វើរបាយការណ៍អំពីការលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងឆ្នាំ២០២២ ក្នុងនោះសមត្ថកិច្ចបង្ក្រាបបាន១៦៦ករណី ធៀបនឹងឆ្នាំ២០២១ មាន៣៥៩ករណី ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន២០២នាក់។ ក្នុងនោះជនសង្ស័យ ជាជនបរទេស ចំនួន៣៣នាក់។ លោកជំទាវ បានបន្តទៀតថា សមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះ ចំនួន៣៥៨នាក់ ក្នុងនោះស្រី ចំនួន២៦៥នាក់ ដោយប្រគល់ជូនមន្ទីរសង្គមកិច្ច និងក្រុមគ្រួសារ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ថ្វីត្បិតលទ្ធផលការងារឆ្នាំ២០២២ មានភាពប្រសើរច្រើនធៀបនឹងឆ្នាំ២០២១ បញ្ហាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៅតែស្ថិតក្នុងស្ថានភាពប្រឈមដែលទាមទារការយកចិត្តទុកដាក់អនុវត្តជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព ដ្បិតការងារនេះមិនទាន់បញ្ចប់ និងមិនទាន់មានការពេញចិត្តនៅឡើយទេ ពិសេសការងារបង្ក្រាប ការជួយសង្គ្រោះជនរងគ្រោះ ការចាប់ជនល្មើសមកផ្ដន្ទាទោស និងការបិទអាជីវកម្មពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ 

សម្ដេចក្រឡាហោម បានជម្រុញដល់លេខាធិការដ្ឋាន គ.ជ.ប.ជ ត្រូវស្រង់គ្រប់ព័ត៌មានទាំងឡាយ ពាក់ព័ន្ធការជួញដូរមនុស្ស រាប់ទាំងព័ត៌មានចេញដោយក្រសួងការបរទេសអាមេរិក ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលាចំពោះបញ្ហានេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ មានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់គោរពតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ»

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា «ក្រោយមានកិច្ចប្រតិបត្តិការយ៉ាងក្ដៅគគុកពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច បញ្ហាជួញដូរមនុស្ស ពិសេសករណីនៅខេត្តព្រះសីហនុ បានថមថយច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែជាការព្រួយបារម្ភថា ពួកឧក្រិដ្ឋជនអាចចេញទៅជ្រកនៅតាមខេត្តផ្សេងទៀត ដែលទាមទារឱ្យយកចិត្តទុកដាក់ទាំងមន្រ្តី និងវិស័យឯកជន»

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានថ្លែងអំណរគុណភាគីពាក់ព័ន្ធ រួមមានជនរងគ្រោះ វិស័យឯកជនរួមទាំងម្ចាស់ទីតាំងអាជីវកម្ម អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាប្រទេសជាដៃគូ ដែលបានផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសការឈានទៅបង្ក្រាបអំពើល្មើសប្រកបដោយជោគជ័យជាបន្តបន្ទាប់ ៕

Tags

Comment