បាត់ដំបង៖ កម្មករស៊ីឈ្នួលធ្វើចំការឲ្យគេ ០២នាក់ ប្តីប្រពន្ធ បានទិញស្រាថ្នាំ ចំនួន ០២លីត្រផឹកជុំគ្នា រហូតដល់ស្រវឹងធ្លាក់ភ្នែកកើតមានជម្លោះពាក្យសម្តី រួចបុរសជាប្តីបានទាញគល់ឫស្សីវាយទៅលើប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍ករណីឃាតកម្ម បុរសជាប្តីវាយសម្លាប់ប្រពន្ធខាងលើ កើតឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ វេលាម៉ោងប្រមាណ ១និង៣០នាទីរសៀល នៅចំណុចអូរត្រជាក់ចិត្ត ក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
បុរសជនសង្ស័យជាប្តីមានឈ្មោះ ជា សុភាព ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់ចាំចំការឲ្យគេ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល បានធ្វើសកម្មភាពទាញយកដំបងឬស្សីវាយយជនរងគ្រោះឈ្មោះ ឆូយ វន ភេទស្រី ជាប្រពន្ធ អាយុ ៤៨ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៣០ដំបង បណ្ដាលឱ្យរបួសពេញដងខ្លួន និងបែកសាច់ស្មងជើងទាំងសងខាងបណ្ដាលឱ្យស្លាប់ភា្លមៗ នៅកន្លែងតែម្តង។
ដោយអនុវត្តតាមបបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះទៅធ្វេីការឃាត់ខ្លួនជនសង័្ស យជាប្តីនេះយកមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។
នគរបាលបានឲ្យដឹងថា បុរសជាប្តី បានរៀបរាប់ថា "មុនពេលកើតហេតពួកគេទាំងពីរនាក់ប្តី ប្រពន្ធបានទិញស្រា ០២លីត្រ ផឹកទាំងពីរដល់ស្រវឹងកើតមានជម្លោះពាក្យសម្តារហូតឈាន់ដល់ប្រើអំពើហិង្សាវាយសម្លាប់ប្រពន្ធតែម្តង"។
បច្ចុប្បន្ន នគរបាលកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់។ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារដែលជាកូនរស់នៅឯស្រុកថ្មគោលចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕
Comment