• Today: November 21, 2024

អភិបាលខេត្តកំពតបញ្ជាឱ្យអាជ្ញាធរក្រុងកំពត និងអ្នកវិនិយោគផ្សារសាមគ្គីដោះស្រាយបញ្ហាលូដោះទឹកចេញពីផ្សារបន្ទាន់ក្រោយពីទឹកលិចផ្នែកខ្លះក្នុងផ្សារដដែលក្រោយពេលមានភ្លៀងធ្លាក់

 

(កំពត)នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់អភិបាលខេត្តក៏បានចុះទៅត្រួតពិនិត្យដោយផ្ទាល់នូវផានភាពទឹកក្នុងផ្សារសាមគ្គីខេត្តកំពតដែលពីមុនមកឯកឧត្តមបានតម្រូវឱ្យអាជ្ញាធរក្រុងកំពតនិងអ្នកវិនិយោគផ្សារត្រូវពិនិត្យនិងស្តារឡើងវិញនូវប្រព័ន្ធលូរំដោះទឹកចេញពីផ្សារនេះដើម្បីបញ្ជៀសកុំឲ្យមានការជនលិចជាបន្តទៀត។


   ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឱ្យមានទឹកលិចផ្នែកខ្លះក្នុងផ្សារសាមគ្គីខេត្តកំពត អភិបាលខេត្តបានចុះទៅពិនិត្យដោយផ្ទាល់ ហើយបានបញ្ជាឱ្យអាជ្ញាធរក្រុងកំពត និងអ្នកវិនិយោគផ្សារដោះស្រាយបន្ទាន់ចំពោះការលិចនេះ។
   ក្រោយពីទទួលបានបញ្ជានេះភ្លាម អាជ្ញាធរក្រុង ក៏ដូចជាអ្នកវិនិយោគផ្សារបានចាត់ចែងក្រុមជាងដើម្បីពិនិត្យ និងស្តារលូដោះទឹកចេញពីផ្សារនេះជាបន្ទាន់។
ក្រោយពីចុះពិនិត្យឃើញជាក់ស្តែងក្រោយភ្លៀងមួយមេធំ ស្ថានភាពទឹកក្នុងផ្សារនៅតែបន្តមានការលិចផ្នែកខ្លះក្នុងផ្សារដដែល ភ្លាមនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាឱ្យអាជ្ញាធរក្រុងកំពត ពិសេសអ្នកវិនិយោគផ្សារ ត្រូវរកដំណោះស្រាយបន្ទាន់ក្នុងការដោះទឹកចេញពីផ្សារនេះ។ 
   ឯកឧត្តមអភិបាលខេត្តបានបន្តថា ផ្សារសាមគ្គីនេះ គឺជាផ្សារធំមួយក្នុងទីរួមខេត្តកំពត ដែលបំរើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្ត ដូច្នេះផ្សារនេះត្រូវតែមានផាសុខភាព និងសោភ័ណ្ឌភាព។
   ទន្ទឹមនឹងនោះដែរ ក្រោយពីទទួលបានបញ្ជានេះភ្លាមៗ អាជ្ញាធរក្រុងកំពត និងអ្នកវិនិយោគផ្សារបាន ចាត់ចែងក្រុមជាងដើម្បីពិនិត្យ និងស្តារលូដោះទឹកចេញពីផ្សារនេះជាបន្ទាន់ ហើយស្ថានភាពទឹកក្នុងផ្សារក៏បានស្រកចុះវិញផងដែរ។
   បន្ទាប់ពីចុះពិនិត្យផ្សារសាមគ្គីទីរួមខេត្តកំពតរួចមក ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរទៅសំណេះសំណាលជាមួយអាជីវករ និងពិនិត្យផ្សារទូកមាស ស្ថិតក្នុងស្រុកបន្ទាយមាន ដើម្បីមើលពីស្ថានភាពផ្សារទាំងមូល ក៏ដូចជាទទួលយកនូវសំណើរ និងសំណូមពរផ្សេងៗពីអាជីវករ។


   ក្នុងការចុះពិនិត្យនេះផងដែរ ឯកឧត្តមអភិបាលខេត្តបានតម្រូវឱ្យ អាជ្ញាធរស្រុក ក៏ដូចជាអ្នកវិនិយោគផ្សារទូកមាស ត្រូវពិនិត្យឡើងវិញនូវប្រព័ន្ធលូរំដោះទឹក ធ្វើយ៉ាងណាកុំឱ្យមានការស្ទះទឹកក្រោយពេលភ្លៀង ត្រូវដាក់កាមេរ៉ាសុវត្តិភាពដែលអាចដឹងពេលមានអគ្គិភ័យកើតឡើងនៅទីតាំងសំខាន់ៗក្នុងផ្សារ ពិសេសកន្លែងលក់មាស និងលក់ក្រណាត់ ដើម្បីរក្សារសន្តិសុខសុវត្តិភាពជូនបងប្អូនអាជីវករទាំងអស់ក្នុងផ្សារ។
   ទន្ទឹមនឹងនោះ អ្នកវិនិយោគផ្សារត្រូវរៀបចំកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែងល្អី ឱ្យបានត្រឹមត្រូវ មានសោភ័ណ្ឌភាព និងមិនត្រូវយកថ្លៃភាស៊ីនោះទេ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត លើកឡើងក្នុងការចុះត្រួតពិនិត្យផ្សារទាំងពីរនេះដែរ ក៏បានផ្តាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ ត្រូវរួមសហការគ្នាក្នុងការរក្សាអនាម័យ បរិស្ថាន ក្នុងផ្សារឱ្យបានស្អាតល្អ មានផាសុខភាព ដែលអាចទាក់ទាញភ្ញៀវទេសចរមកទិញទំនិញក្នុងផ្សារបានច្រើន។
   ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៍សូមអំពាវនាវទៅដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទៅមុខជាបន្តទៀត។

Tags

Comment