• Today: November 21, 2024

កិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) តាមរយៈប្រព័ន្ធបញ្ចូនរូបនិងសម្លេង Zoom


នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) តាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេងZoom ដើម្បីពង្រឹងទំនាក់ទំនង និងពិភាក្សាការងារសម្រាប់ការអនុវត្តគម្រោងផ្សេងៗក្នុងខេត្តបាត់ដំបង ។ 


បន្ទាប់ពីបានស្ដាប់ និងទស្សនាការធ្វើបទបង្ហាញរបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្ដែងនូវចំណាប់អារម្មណ៍នៃគម្រោងកសាងស្ថានីយ៍ប្រព្រឹត្តិកម្មគ្រប់គ្រងភក់បង្គន់ ដែលជាគម្រោងធ្លាប់បានកសាងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបរួចមកហើយ ព្រោះស្ថានីយ៍គ្រប់គ្រងភក់បង្គន់នេះផងដែរអាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់ខេត្តបាត់ដំបង។ ក្នុងនោះដែរ ឯកឧត្តមក៏បានបង្ហាញនូវចំណាប់អារម្មណ៍នៃគម្រោងផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍក្រុងបាត់ដំបងជាទីក្រុងឆ្លាតវៃ Smart City និងការរៀបចំទីក្រុងបាត់ដំបងប្រកបដោយអភិបាលកិច្ចល្អ និងមានចីរភាព ។ 
ឯកឧត្តមបានមានប្រសាសន៍លើកឡើងថា ចំពោះការគ្រប់គ្រងភក់បង្គន់នេះជារឿងរ៉ាវដែលថ្មីរបស់រដ្ឋបាលខេត្តបាត់ដំបង ដោយយើងត្រូវការអ្នកជំនាញលើផ្នែកនេះ ដូចនេះរដ្ឋបាលខេត្ត នឹងធ្វើការចាត់មន្រ្ដីជំនាញដើម្បីធ្វើការទំនាក់ទំនង និងធ្វើកិច្ចការងារជាមួយសមាគមAIMF ដើម្បីបន្តនិរន្តរភាពជាមួយគ្នា និងដើម្បីធ្វើការសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធទៅនឹងផ្នែកនេះ និងផ្នែកផ្សេងៗទៀត ។ ឯកឧត្តម ក៏បានបន្តទៀតថា រដ្ឋបាលខេត្តបាត់ដំបងក៏កំពុងព្យាយាមអភិវឌ្ឍន៍ទីក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ Smart City ដើម្បីកាន់តែធ្វើឱ្យទីក្រុងបាត់ដំបងធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកំសាន្ត និងអ្នកវិនិយោគឱ្យកាន់តែច្រើនឡើងៗ ៕

Tags

Comment