នាថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៣នេះមានប្រជាពលរដ្ឋនៅខេត្តកែបបាននិយាយប្រាប់អ្នកសារព័ត៌មានថាកាលពីចុងសប្តាហ៍មុន មានករណីលក់សាច់ជ្រូកទឹកសមុទ្រនៅក្នុងផ្សារកែបភ្លាមៗព័ត៌មានយើងបានទៅដល់មន្ត្រីជំនាញជលផលខេត្តកែប លោក ចក់ សុីនាថ នាយផ្នែករដ្ឋបាលជលផលដំណាក់ស្តេច បានដឹកនាំក្រុមការងារចុះទៅឃាត់ភ្លាមៗហើយនិងបានឱ្យធ្វើកិច្ចសន្យាឱ្យបញ្ឈប់ធ្វើសកម្មភាពបន្តទៅទៀត។
សត្វដ៍កម្រឃើញជាជ្រូកទឹកសមុទ្រ ត្រូវបានក្រុមអ្នកអភិរក្សបានឃើញវត្តមានបណ្តែតខ្លួនមកលើផ្ទៃទឹកនៅសមុទ្រខេត្តកែបជាញឹកញប់ច្រើនដងប៉ុន្តែនាប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែជ្រូកទឹកសមុទ្រនេះបានបង្ហាញខ្លួន ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា ត្រូវបាត់បង់ជីវិតជារៀងរាល់ឆ្នាំ គឺដោយសារតែជាប់មងអ្នកនេសាទដោយមានចេតនាមិនចង់លែងទៅវិញរបស់អ្នកនេសាទផ្ទាល់ ដោយកត្តាផ្សេងៗផងដែរ។
បើតាមសម្តី អ្នកស្រី ហ៊ុន សារិត ភេទស្រី មានអាយុ ៥០ឆ្នាំ ដែលមានទីលំនៅ ដែលស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្កកែប ជាអ្នកមុខរបលក់ត្រីនៅផ្សារកែបបាននិយាយចំពោះមុខសមត្ថកិច្ច ហើយបានបញ្ជាក់ថា នៅវេលាម៉ោង៦ព្រឹកអ្នកស្រីបានទិញសាច់ជ្រូកទឹកសមុទ្រនេះមានទម្ងន់ប្រមាណ ៣គីឡូក្រាម ពីអ្នកលក់នៅតាមផ្លូវជិតសាលាសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
បើតាមប្រភពព័ត៌មានយើងដែលបានទទួលច្បាស់ការថា សាច់ជ្រូកទឹកដែលត្រូវបានអ្នកលក់ខាងលើកាប់ជាដុំៗ ហើយបានដាក់លក់ឲ្យអ្នកដែលទទួលទានឃ្លានសាចជ្រូកទឹកទាំងនោះ មានមិនក្រោម១០គីឡូនោះទេ។
បើតាម កញ្ញា ថាប់ រចនា នាយកប្រតិបត្តិអង្គការអភិរក្សសមុទ្រកម្ពុជា ដែលកំពុងធ្វើកិច្ចការងារអភិរក្សសត្វសមុទ្រ នៅខេត្តកែប ដែលបានបង្ហាញការសោកស្តាយចំពោះករណីជ្រូកទឹកសមុទ្រនេះ។
កញ្ញាថាប់ រចនា បានបញ្ជាក់ថា ទោះបីមានការចុះណែនាំ និងជួបប្រជុំ ជាមួយបងប្អូនប្រជានេសាទជាច្រើនដង ច្រើនលើកយ៉ាងណាក៍ដោយ អ្នកនេសាទ និងពលរដ្ឋ នៅតែមិនយល់ពីតម្លៃនៃការរក្សាវត្តមានសត្វដ៍កម្រឃើញទាំងនោះ ឲ្យមាននៅក្នុងសមុទ្រ ហើយនៅតែមានការបន្តធ្វើបែបនេះដដែលៗ។
ជាមួយគ្នានេះដែរ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប លើកឡើងហើយបានបញ្ជាក់ថា ជ្រូកទឹកដែលមាននៅក្នុងសមុទ្រកែបយើងមានប្រមាណជា៥ ទៅ១០ក្បាល។
ហើយលោកកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាអ្នកដែលប្រព្រឹត្តល្មើសដើម្បីយកមកឲ្យទទួលទោសទៅតាមផ្លូវច្បាប់។
ហើយកន្លងមកក៏មានលេចឮព័ត៌មានលួចលាក់លក់តាមបណ្ដាញងងឹត តែមន្ត្រីយើងបានខិតខំស្វែងរកដែរតែមិនទាន់ជួប ទើបតែក្នុងសប្ដាហ៍មុននេះ មន្ត្រីយើងបានតាមទាន់ករណីលក់នៅផ្សារកែប។
លោកបន្តថា ជ្រូកទឹកជាសម្បតិធម្មជាតិដ៏កម្រដែលត្រូវការពារដោយច្បាប់ វាក៏អាចទាក់ទាញទេសចរណ៍ចង់ឃើញ និងស្គាល់វាផងដែរ។ ហើយថ្ងៃក្រោយវត្តមានជ្រូកទឹកនៅសមុទ្រយើង នឹងនាំផលប្រយោជន៍ដល់អ្នកនេសាទតាមរយៈអ្នកទេសចរ។
មន្រ្តីជំនាញ និងអ្នកអភិរក្សទាំងអស់ នៅតែទទួចឱ្យប្រជាពលរដ្ឋនាំគ្នាចូលរួមជួយថែរក្សាការងារ ជាពិសេសអ្នកនេសាទដែលជាអ្នកចុះផ្ទាល់នៅសមុទ្រ សូមមេត្តាចូលរួមថែរក្សាការពារធនធានសមុទ្រដ៍កម្រឃើញរបស់យើងឲ្យបាននៅគង់វង្ស។
Comment