• Today: November 21, 2024

លួចគេបានញ៉ាម ដល់លើកទី៤ ជាប់ខ្នោះដៃទាំងពីរនាក់

 

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង នៅព្រឹកថ្ងៃចន្ទទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រុង បានបញ្ជូនខ្លួនមុខសញ្ញាចោរលួចដែកពលរដ្ឋតាមលំនៅដ្ឋានយ៉ាងសកម្មចំនួន ០២នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីបន្តតាមច្បាប់ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។ 

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានឱ្យដឹងទៀតថា មានករណីលួច (លួចដែក) កើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកដែក របស់ជនរងគ្រោះឈ្មោះ វ៉ាន តូម៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី១២ ខែសីហាថ្មីៗនេះ នៅត្រង់ចំណុចក្រុមទី០៦ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ចំណែកសម្ភារៈបាត់បង់៖ សូឡាធំចំនួនមួយគ្រឿង (៥០០វ៉ាត់) ខ្សែភ្លេីងប្រវែង២០ម៉ែត្រ​​ ម៉ូទ័របូមទឹកចំនួន០១គ្រឿង​​​ដែកក្ដាពុម្ភមួយចំនួន។ 

លោកអធិការក្រុងបាត់ដំបង បន្តថា ក្រោយពីទទួលបណ្តឹងជនរងគ្រោះ លោកបានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណ ឈានដល់ការនាំខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ មៀម ទិត្យមេសា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង២.ឈ្មោះ ញឹម ញៀន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ។ 
ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង ០២នាក់ បានសារភាពថាខ្លួនពិតជាបានលួចដែកនៅក្នុងផ្ទះត្រចៀកកាំរបស់ជនរងគ្រោះពិតប្រាកដមែន ហេីយរយៈកាល       កន្លងមកខ្លួនធ្លាប់បានចូលលួចចំនួន ០៣លេីកមកហេីយ ។ 

វត្ថុតាងដកហូតបានរួមមាន៖ 
-ដែកជ្រុង ២៧កំណាត់ ។
-ដែកថ្នាំងអំពៅ ១៧ដុំ ។ 

បច្ចុប្បន្ន ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

Tags

Comment