• Today: November 21, 2024

ក្រុមបងធំលេងកាំបិតផ្គាក់ ចំនូន ១៣នាក់ ជាប់ខ្នោះមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបញ្ជូនទៅកាន់តុលាការ!

ភ្នំពេញ៖ ក្រុមបងធំលេងកាំបិទផ្គាក់ ចំនួន ១៣នាក់ ជាប់ខ្នោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយសារធ្វើសកម្មភាពចូលកាប់បំផ្លាញម៉ូតូ ០១គ្រឿង ដល់ក្នុងផ្ទះរបស់ជនរងគ្រោះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះចំណាំមុខគួរសត្រូវខុស។

ក្រុមជនអន្ធពាលលេងកាំបិទផ្គាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនខ្លួនទៅកាន់តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ។

សូមជម្រាបថា កាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ នៅចំណុច ផ្លូវបេតុង ភូមិប៉ប៉្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានក្មេងស្ទាវមួយក្រុមមានគ្នាប្រហែល ២០នាក់ ភាគច្រើនមានកាន់កាំបិតផ្គាក់ក្នុងដៃ បានចូលកាប់បំផ្លាញម៉ូតូ ០១គ្រឿង ក្នុងផ្ទះគ្រួសាររងគ្រោះបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រហូតភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការចុះអន្តរាគមន៍ បង្ក្រាបជាក់ស្តែងភ្លាមៗ ដោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបាន ចំនួន ១៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន ០៤ដើម ផងដែរ។ 

ក្រុមក្មេងទំនើងទាំង ១៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា "ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សា ចូលកាប់បំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយធ្លាប់ឃើញក្រុមក្មេងស្ទាវទាំងនោះ ឧស្សាហ៍អង្គុយលេងក្នុងផ្ទះមួយនោះ និងឃើញម៉ូតូម្ចាស់ផ្ទះស្មានថា ជាម៉ូតូរបស់ភាគីសត្រូវដែលមានទំនាស់ជាមួយពួកខ្លួន ក៏ចូលកាប់បំផ្លាញម៉ូតូនោះតែម្តង"។ 

បច្ចុប្បន្នជន ក្រុមក្មេងទំនើងទាំង ១៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Tags

Comment