• Today: November 21, 2024

សមត្ថកិច្ចឃាត់ខ្លួនបក្ខពួកសេសសល់ម្នាក់ទៀតដែលរត់គេចក្នុងករណីគប់និងបាញ់កញ្ចក់រថយន្ដនៅលើផ្លូវល្បឿនលឿន

ខេត្តកំពង់ស្ពឺ ៖ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានអោយដឹងថា មុខសញ្ញាគប់និងបាញ់កញ្ចក់រថយន្ដនៅលើផ្លូវល្បឿនលឿនដែលជាបក្ខពួកសេសសល់ម្នាក់រត់គេចខ្លួននោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនបានហើយ កាលពីយប់ថៃ្ងទី០៩ កក្កដា ឆ្នាំ ២០២៣នេះ គ្រាដែលមុខសញ្ញាគ្រោងរៀបចំផែនការឡើងផ្លូវបន្ដ ។

 សមត្ថកិច្ចបានឱ្យដឹងថា នៅម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៣ ដោយមានវិធានការច្បាស់ពីកម្លាំងផ្ដល់ព័ត៌មាន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្ដិ៍ត្រពាំងគងបានឃាត់ខ្លួនមុខសញ្ញាឈ្មោះ ព្រំ គឿន ហៅពន្លក រស់នៅភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅ ពេលដែលមុខសញ្ញារូបនេះកំពុងត្រៀមខ្លួនធ្វើសកម្មភាព ។

 តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទងថាមុខសញ្ញាឈ្មោះព្រំ គឿន ហៅពន្លក ជាបក្ខពួកបានធ្វើសកម្មភាពរត់គេចខ្លួនបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកបានម្នាក់និងបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពយកចម្ពាមកៅស៊ូបាញ់កញ្ចក់រថយន្តនៅចំណុចខាងលិចស្ពានផ្លូវល្បឿនលឿន ប្រាកដមែន។

 ជាក់ស្ដែងមុខសញ្ញាដែលសមត្ថកិច្ចចាប់លើកមុនឈ្មោះ ឈឿម ដែន ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្ដោះ អាសន្ននៅពន្ធនាគារខេត្តកំពង់ស្ពឺ រួចហើយ ៕

Tags

Comment