• Today: November 21, 2024

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅទីក្រុងវៀងចន្ទន៍

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

អមដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលគណៈកម្មារទន្លេមេគង្គលើកទី៤ នៅប្រទេសឡាវ រួមមាន លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ត្រីជាន់ខ្ពស់ដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ដែលធ្វើឡើងនៅប្រទេសឡាវ នាថ្ងៃទី០៥ ខែមេសា នឹងធ្វើឡើងក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»។

កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលគណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈ ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។ 

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនឹងពិភាក្សាអំពីបញ្ហាប្រឈម ដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់ទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ។

គណៈកម្មការទន្លេមេគង្គ (MRC) គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលបំពេញការងារ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការជុំវិញការអភិវឌ្ឍ និងគ្រប់គ្រងតំបន់អាងទន្លេមេគង្គប្រកបដោយចីរភាព ដែលមានសមាជិក ដូចជា ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ គណៈកម្មការទន្លេមេគង្គបំពេញតួនាទីជាវេទិកាសម្រាប់ការទូតផ្នែកទឹក និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដែលតាមរយៈវេទិកានេះ ប្រទេសជាសមាជិកធ្វើការចែករំលែកអត្ថប្រយោជន៍ ដែលបានពីធនធានទឹករួម និងឆ្លើយតបចំពោះបញ្ហាប្រឈមឆ្លងដែននៅក្នុងតំបន់អាងទន្លេនេះ បើទោះបីជាប្រទេសសមាជិកទាំងនេះ មានផលប្រយោជន៍ជាតិខុសគ្នាយ៉ាងណាក៏ដោយ។

គណៈកម្មការទន្លេមេគង្គ ត្រូវបានបង្កើតឡើង នៅពេលប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អាងទន្លេមេគង្គ ដែលហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គ កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ១៩៩៥ (1995 Mekong Agreement) ។ ប្រទេសជាសមាជិកបានឯកភាពសហការជាមួយគ្នាលើវិស័យជាច្រើន ដូចជាវិស័យនេសាទ ការគ្រប់គ្រងទឹកជំនន់ ធារាសាស្ដ្រ វារីអគ្គិសនី និងនាវាចរណ៍។ ប្រទេសចិន និងមីយ៉ាន់ម៉ា ដែលស្ថិតនៅផ្នែកខាងលើបង្អស់នៃលំហូរទន្លេមេគង្គ គឺជាដៃគូសន្ទនារបស់ MRC ចាប់ពីតាំងពីឆ្នាំ១៩៩៦មក៕

Tags

Comment