• Today: November 21, 2024

ក្រុមអាជីវករ និងអ្នករត់តាក់សុីប្រមាណ ១០០នាក់ ផ្ទុះការតវ៉ា ពាក់ព័ន្ធករណីរៀបចំបណ្តេញមិនឲ្យលក់បន្តទៀត

បន្ទាយមានជ័យ៖ ក្រុមអាជីវករ និងអ្នករត់តាក់ស៊ីប្រមាណជិត ១០០នាក់ បានផ្ទុះការតវ៉ាទាមទាស្នើសុំឲ្យអាជ្ញាធរ និងថ្នាក់ដឹកនាំជួយអន្តរគមន៍ ដើម្បីឲ្យពួកគាត់រកស៊ីលក់-ដូរជាធម្មតា ក្នុងចំណតរថយន្តក្រុងសិរិសោភ័ណ ខណៈពេលនេះ មានគេរៀបចំធ្វើរបងព័ន្ធជុំវិញ និងត្រៀមបណ្តេញពួកគាត់ចេញពីទីតាំងនោះ។ 

ការតវ៉ារបស់ក្រុមអាជីវករ និងអ្នករត់តាក់ស៊ីខាងលើ ធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងចំណតរថយន្តក្រុងសិរីសោភ័ណចាស់ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

តំណាងក្រុមអាជីវករ និងអ្នករត់តាក់ស៊ី បាននិយាយថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ កន្លងមក លោក ឈៀង គិរីរ័ត្ន ជាប្រធានក្រុមហ៊ុនដេញថ្លៃវិនិយោគចំណតរថយន្តតូចធំទាំង២ ក្រុងសិរីសោភ័ណ បានដើរចែកលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ឲ្យក្រុមអាជីវករ និងអ្នករត់តាក់ស៊ីគ្រប់ៗគ្នា ។ ដោយក្នុងលិខិតនោះ បានបញ្ជាក់ថា តាមកិច្ចសន្យាធ្វើអាជីវកម្មប្រមូលភាស៊ី ចំណតរថយន្តក្រុងតូច ធំទាំង២ ក្នុងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០០៨ រវាងលោក ឈៀង គិរីរ័ត្ន ជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានបញ្ចប់សិទ្ធិវិនិយោគប្រគល់ជូនសាលាខេត្តជាអ្នកគ្រប់គ្រងវិញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ។ ដូច្នេះរាល់ការជួលតូបលក់ ដូរ និងទីតាំងអាជីវកម្ម ព្រមទាំងក្រុមអ្នករត់តាក់ស៊ីក្នុងបរិវេនចំណតរថយន្តទាំង២ និងត្រូវបញ្ឈប់ជាបន្ទាន់ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ជាកំហិត ប៉ុន្តែតាមកិច្ចសន្យាធ្វើអាជីវកម្មភាស៊ីចំណតរថយន្តទាំង២នេះ នៅឆ្នាំ២០២៧ ទើបត្រូវបញ្ចប់កុងត្រា។ ពួកគាត់បានបន្ថែមទៀតថា នៅថ្ងៃទី១៩ ខែសីហាកន្លងទៅ មានមនុស្សម្នាក់ទូសព្ទប្រាប់បងប្អូនជាអាជីវករលក់ដូរនៅក្នុងបេនឡានចាស់ និងបេនឡានថ្មី ចូលមកដោះស្រាយ និងធ្វើការសុំសំណូមពរ តើអាជីវករទាំងអស់ចង់បានអ្វីឲ្យពិតប្រាកដ។

បន្ទាប់មកលេចមុខមនុស្សមួយក្រុម បានហៅក្រុមអាជីវករ និងអ្នករត់តាក់ស៊ីឲ្យចូលក្នុងស្នាក់ការចំណតរថយន្តម្នាក់ម្តងៗ ដើម្បីដោះស្រាយគ្នា ប៉ុន្តែធាតុពិតហៅឲ្យចូលទៅបង្ខំឲ្យផ្តិតមេដៃ ឃើញសភាពការណ៍មិនស្រួលទើបពួកគាត់នាំគ្នាសម្រុកចូលទៅសួរនាំមានបុរសម្នាក់ចេញមុខមក ម្តងអះអាងថា តំណាងភិបាលខេត្ត ម្តងតំណាងអភិបាលក្រុង ម្តងក្រុមការងារលើកអីវ៉ាន់ ពេលពលរដ្ឋសួររកលិខិតឧទ្ទេសនាម មួយសន្ទុះបានគេចចេញបាត់ស្រមោលតែម្តង។  

ក្រុមអាជីវករ និងអ្នករត់តាក់ស៊ី បានអះអាងថា ពួកគាត់ក្រាញននែលមិនព្រមចាកចេញពីកន្លែងធ្លាប់រកស៊ី និងប្រកបអាជីវកម្មរាប់ឆ្នាំនេះដាច់ខាត៕

Tags

Comment