• Today: November 21, 2024

ជនជាតិវៀតណាមមួយក្រុមផឹកស៊ីជាមួយគ្នាសុខៗកើតមានទំនាស់់ពាក្យសម្តីឈានដល់ការចាក់សម្លាប់គ្នាបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ថិតក្នុងបុរីព្រែកតាសេក


ភ្នំពេញ៖ ក្រុមជនជាតិវៀតណាមមួយក្រុមជាគ្នាប្រមាណ ១០នាក់ បានជួបជុំគ្នាផឹកស៊ីសប្បាយ ប៉ុន្តែក្រោយពេលស្រវឹងបុរស ចំនួន ០២នាក់ ក្នុងចំណោមនោះ បានបបួលគ្នាឡើងលើអគារជាន់ទី៣ វាយតប់គ្នារហូតឈានដល់យកកាំបិតចាក់បណ្តាលឱ្យភាគីម្ខាងស្លាប់។
​​    ហេតុការណ៍ទំនាស់គ្នាក្នុងវង់ផឹកស៊ីនេះ បានកើតឡើងនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុច ក្នុងបុរីព្រែកតាសេក ផ្លូវបេតុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានបុរសជនជាតិវៀតណាម ចំនួន ០២នាក់ ផឹកស៊ីសុខៗស្រាប់តែជម្លោះពាក្យសម្តីដោយភាគីបុរសជាជនរងគ្រោះ បានហៅភាគីជនបង្កឡើងទៅលើជាន់ទី៣ ដើម្បីវាយប្រតាយប្រតប់គ្នាឈានដល់យកកាំបិតចាក់លើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់។
    បន្ទាប់ពីកើតហេតុភ្លាមៗសន្តិសុខយាមបុរីព្រែកតាសេក បានរាយការណ៍ជូនសមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ០៨នាក់ ដើម្បីធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌតាមនិតិវិធី។
    សាក្សីបាននិយាយថា មុនពេលកើតហេតុ ជនជាតិវៀតណាមមួយក្រុមបានអង្គុយផឹកស៊ីជុំគ្នា នៅក្នុងបុរីព្រែកតាសេក និងបានឮសូសំឡេងឈ្លោះប្រកែកគ្នាខ្លាំងៗ ស្រាប់តែភាគីខាងជនរងគ្រោះបានហៅភាគីបុរសជនបង្កឡើងទៅលើអគារទៅជាន់ទី៣ វាយប្រតាយប្រតប់គ្នាផ្អើលក្នុងបុរី បន្ទាប់គេបានឃើញភាគីជនរងគ្រោះបានរត់ចុះមកខាងក្រោមវិញប្រឡាក់សុទ្ធតែឈាមហើយភា្លមនោះ អ្នករស់នៅជាមួយគ្នាក៏បានបាញ់ទឹកលាងឈាម និងបានហៅរថយន្តសង្គ្រោះឯកជនដឹកទៅសង្រ្គោះ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេកបានស្លាប់តែម្តង។ 
    ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះអន្តរាគមន៍ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ០៨នាក់ ដើម្បីធ្វើការសាកសួរ ហើយជំនាញផ្នែកកោសល្យវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះទៅពិនិត្យសព និងជុំវិញកន្លែងកើតហេតុ បានបញ្ជាក់ថា “សពជនរងគ្រោះពិតជាស្លាប់ដោយសារតែស្នាមកំបិតចាក់មែន”។ 
    បច្ចុប្បន្ន សពក្រោយពេលពិនិត្យរួចរាល់បានធ្វើកំណត់ហេតុប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកពាក់ព័ន្ធសមត្ថកិច្ចបាននាំខ្លួនយកទៅសួរនាំនៅអធិការដ្ឋានខណ្ឌ ៕


Tags

Comment