តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នគរបាលខេត្តមណ្ឌលគិរី បានចុះបង្រ្កាបទីតាំងស្តុកឈើមួយកន្លែង ជាឈើប្រភេទលេខ១ មានចំនួន៣៩ដុំ ដែលក្រុមឈ្មួញកាត់យកមកលាក់ទុកក្នុងចំការស្វាយចន្ទី ស្ថិតក្រោយស្នាក់ការបរិស្ថាន អូរាំង មិនដែលឃើញមន្ត្រីបរិស្ថាន ចុះទៅបង្ក្រាបនោះទេ។
ករណីបង្ក្រាបទីតាំងស្តុបឈើល្មើសច្បាប់នៅក្បែរស្នាក់មន្ត្រីបរិស្ថានខាងលើ គឺធ្វើឡើងបន្ទាប់ពីលោក សូ សុវណ្ណ ស្នងការរង ជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចាត់កម្លាំងចុះដល់ទីតាំងស្តុកឈើស្ថិតនៅភូមិពូជូ និងពូឃ្លែ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ដើម្បីបង្ក្រាបរឹបអូសធ្វើកំណត់ហេតុចាត់ការតាមនីតិវិធីច្បាប់។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ធ្លាប់បានជំរុញឱ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធរួមមានមន្ត្រីឧទ្យានុរក្ស អង្គការដៃគូ និងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សា និងការពារអភិរក្សសត្វព្រៃកម្រទាំងអស់នេះឱ្យបាន ជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់បំផ្លិចបំផ្លាញព្រៃឈើ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ដែលសកម្មភាពទាំងនេះបានបំផ្លិចបំផ្លាញជម្រកដ៏សុខសាន្តរបស់សត្វព្រៃ និងជីវៈចម្រុះ ផ្សេងទៀត។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏ធ្លាប់បានបញ្ជាក់ដែរថា «ការការពារបានព្រៃឈើ មិនត្រឹមការពារបានប្រព័ន្ធអេ កូឡូស៊ីទេ តែយើងអាចលក់ឥណទានកាបូន ដើម្បីបានថវិកាមកពង្រឹងការងារអភិរក្សនិងអភិរក្សសហគមន៍មូលដ្ឋាន ហើយការថែរក្សាបាននូវសត្វព្រៃគ្រប់ប្រភេទ និងផ្តល់ចំណូលតាមរយៈទេសចរណ៍ធម្មជាតិ»៕
Comment