សាខា កក្រក ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ចំនួន១៥០នាក់ (ស្រី៩៤នាក់) បត់បេះដូងក្រដាស ចូលរួមក្នុងយុទ្ធ Beyond The Games ឬលើសពីការប្រកួត។
បានប្រសាសន៍នាឱកាសនោះលោកជំទាវ អនុប្រធានបានឱ្យដឹងថា ដើមចមនៃការជួបជុំគ្នានាពេលនេះគឺ ការបត់បេះដូងក្រដាសជាការគាំទ្រដល់កីឡាករ កីឡាការិនីដែលមានពិការភាព និងដើម្បីបំបែកឯតទគ្គកម្មពិភពលោកនាពេលខាងមុខក្នុងឱកាស ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតយុទ្ធនាការ Beyond The Games ឬលើសពីការប្រកួត ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍កីឡាដ៏ធំទាំងពីរនេះ និងដើម្បីលើកកម្ពស់មោទកភាពជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតទាំងពីរជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដើម្បីជាការផ្សារភ្ជាប់ប្រជាពលរដ្ឋខ្មែរ ទៅនឹងភាពជាម្ចាស់ផ្ទះ និងបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានរបស់យុទ្ធនាការ Beyond The Games ដែលបានផ្តួចផ្តើមបង្កើតការបំបែកឯតទគ្គកម្ម ”បេះដូងច្រើនជាងគេលើពិភពលោក” ជាការប្រមូលផ្តុំការចូលរួមរបស់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ដើម្បីបង្ហាញពីទំហំទឹកចិត្តក្នុងការគាំទ្រដល់កីឡាករ កីឡាការិនីគ្រប់រូប និងបង្ហាញពីការអប់អរសាទរនៃភាពជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជាផង។
ក្នុងនាមយើងជាយុវជនខ្មែរ និងជាសសរទ្រូងរបស់ប្រទេសជាតិ យើងនឹងរួមចំណែកក្នុងយុទ្ធនាការ Beyond The Games ដោយចូលរួមបត់បេះដូងក្រដាសដើម្បីបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” ដែលនឹងគ្រោងយកទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខ លើសពីនេះ បង្ហាញឱ្យឃើញពីការរួមសហការគ្នារបស់កម្ពុជា ក្នុងការចែករំលែកក្តីស្រលាញ់ ការលើកទឹកចិត្ត និងការគាំទ្រជាតិមាតុភូមិ ជាពិសេសផ្សព្វផ្សាយឱ្យសកលលោកបានឃើញពីសាមគ្គីភាព សន្តិភាព អរិយធម៌ វប្បធម៌ និងសក្តានុពលរបស់កម្ពុជាផងដែរ។
តាមគម្រោង ក្រុមការងារមានផែនការប្រមូលបេះដូងក្រដាសនេះឱ្យបានចំនួន ១លាន ដើម្បីបំបែកកំណត់ត្រាពិភពលោក ប្រភេទនេះ ដែលនៅប្រទេសអង់គ្លេសមានបេះដូងបត់ និងបានដាក់បង្ហាញចំនួន ៥៣,៧០៤បេះដូង។ ម្យ៉ាងវិញទៀត ដូចដែលនាងខ្ញុំបានបញ្ជាក់ជូនខាងលើរួចហើយថា ក្រៅពីការបំបែកឯតទគ្គកម្មពិភពលោក ការបត់បេះដូងក្រដាសនេះជាការគាំទ្រដល់កីឡាករ កីឡាការិនីដែលមានពិការភាព ដែលសម្រាប់បេះដូង១ មានតម្លៃជាថវិកាចំនួន ៥០០រៀល ដូច្នេះបេះដូង១លាន គិតជាថវិកាគឺ ៥០០លានរៀល ។
ហេតុនេះហើយ ការចូលរួមរបស់លោកគ្រូ អ្នកគ្រូ និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ក្នុងយុទ្ធការ Beyond The Games នាពេលនេះ ពិតជាមានសារសំខាន់ណាស់ដើម្បីឈានឆ្ពេះទៅការបំឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” និងជាការគាំទ្រដល់កីឡាករ កីឡាការិនីដែលមានពិការភាព ពិសេសក៏បង្ហាញពីបរិយាបន្នសង្គមផងដែរ។
Comment