ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន (Expressway) ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែលស្នើសុំវិនិយោគដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្រោមទម្រង់វិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT: Build-Operate-Transfer)
គណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ដែលមានសមាភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន អនុប្រធានចំនួន ០៣រូប និងសមាជិក ចំនួន ២២រូបទៀត។
សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន China Road and Bridge Corporation (CRBC) នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលមានប្រវែងសរុបប្រមាណ ៤០០គីឡូម៉ែត្រនេះ តាមការប៉ាន់ស្មានគ្រោងចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារអាមេរិក ដែលការចំណាយជាមធ្យម ១០លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ។
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានចែកចែញជា ២ដំណាក់កាល ដែលដំណាក់កាលទី១ ពីភ្នំពេញទៅខេត្តសៀមរាប មានប្រវែងប្រមាណ ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាប ទៅប៉ោយប៉ែត មានប្រវែង ១៥០គីឡូម៉ែត្រ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ នាពេលនេះ គឺ ដើម្បីផ្តល់ពេលវេលាបន្ថែមឱ្យ ក្រុមហ៊ុន CRBC បានសិក្សាលម្អិតបន្ថែមទៀតពីការធ្វើផ្លូវមួយនេះ ឱ្យបានកាន់តែល្អប្រសើរឡើង ហើយក្រុមហ៊ុនក៏បានអះអាងដែរថា ត្រូវការពេលវេលាត្រឹមតែ ៦ខែប៉ុណ្ណោះដើម្បីសិក្សាលម្អិត ហើយនឹងបញ្ជាក់ជូនដល់ក្រសួង ដើម្បីពីនិត្យសម្រេចផងដែរ។
គួរបញ្ជាក់ដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងក្លាយជាផ្លូវល្បឿនលឿនខ្សែទី៣ បន្ទាប់ពីផ្លូវល្បឿនលឿនខ្សែទី១ ភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរការចរាចរណ៍ និងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ យោងតាមគំរូប្លង់សិក្សាដោយក្រុមហ៊ុនចិន ដែលធ្លាប់បង្ហាញក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅ គម្រោងផ្លូវល្បឿនលឿនទី៣នេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ ខេត្ដសៀមរាប និងបន្ទាយមានជ័យ៕
Comment