ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ សមត្ថកិច្ចប្រាប់ថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួច(ម៉ូតូ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយយោងតាមដើមបណ្តឹងឈ្មោះ យ៉ុន វិសិត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហួន ប៉ង់ ហៅបារាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា នៅវេលាម៉ោងកេីតហេតុជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Y-1354 ។
ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការស្រាវជ្រាវភ្លាមៗ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យរួមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំតាមនីតិវិធី។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាង ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ជូនម្ចាស់ដេីមវិញ៕
Comment