• Today: November 21, 2024

គ្រូពេទ្យឯកជនត្បាញអាយតាមភូមិម្នាក់ បានរត់គេចខ្លួនបន្ទាប់ពីចាក់ថ្នាំបណ្តាលឲ្យកុមារីអាយុ ៥ឆ្នាំម្នាក់ស្លាប់


កំពង់ឆ្នាំង៖ គ្រូពេទ្យឯកជនត្បាញអាយម្នាក់ បានរត់ចោលផ្ទះគេចខ្លួនបាត់ បន្ទាប់ពីចាក់ថ្នាំបណ្តាលឲ្យកុមារីអាយុ ៥ឆ្នាំម្នាក់ បែកពពុះមាត់ប្រកាច់ស្លាប់ភ្លាមៗ ខណៈកុមារីរងគ្រោះគ្រាន់តែមមានអាការៈក្អក និងក្តៅខ្លួនបន្តិចបន្តួចតែប៉ុណ្ណោះ។ 


   ករណីគ្រូពេទ្យត្បាញអាយចាក់ថ្នាំបណ្តាលឲ្យកុមារីរងគ្រោះស្លាប់ បានកើតឡើងតាំងពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ មកម៉្លេះ ប៉ុន្តែសមត្ថកិច្ចនគរបាលទើបទទួលព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បន្ទាប់ឪពុកម្ដាយជនរងគ្រោះបានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាល កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដានេះ។ 
   កុមារីរងគ្រោះមានឈ្មោះ គឹម ចាន់តី អាយុ ៥ឆ្នាំ មានទីលំនៅក្នុងភូមិចំបក់ប្រាសាទ ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រតិកម្មថ្នាំស្លាប់បន្ទាប់ពីឪពុកម្ដាយយកទៅព្យាបាលនៅផ្ទះគ្រូពេទ្យឯកជនម្នាក់ ស្ថិតក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។ 
   នគរបាលបានឲ្យដឹងថា គ្រូពេទ្យឯកជនត្បាញអាយគ្មានច្បាប់ទម្លាប់ ដែលព្យាបាលអ្នកជំងឺបណ្តាលឲ្យស្លាប់មានឈ្មោះ ហូ ថុង ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 
   តាមការសាកសួរអាណាព្យាបាលជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុកុមារីរងគ្រោះមានអាការៈក្តៅខ្លួន និងក្អកបន្តិចបន្តួចត្រូវឪពុក ម្តាយដឹកយកទៅឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាល។ 

   បន្ទាប់ពីពិនិត្យគ្រូពេទ្យឯកជនឈ្មោះ ហូ ថុង ចាក់ថ្នាំនៅលើភ្លៅទាំងសងខាងរបស់កុមារីរងគ្រោះ ចំនួន ២ម្ជុល ស្រាប់តែភ្លាមៗនោះកុមារីរងគ្រោះមានអាការៈប្រកាច់បែបពពុះមាត់ ឃើញដូច្នេះគ្រូពេទ្យរូបនោះបានដាក់សេរ៉ូមមួយកំប្លោក ហើយឱ្យឪពុកម្ដាយដឹកកុមារីរងគ្រោះតាមម៉ូតូបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ប៉ុន្តែពេលដឹកដល់មន្ទីរពេទ្យបង្អែកខេត្តក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកត្រឡប់ផ្ទះវិញ។ 
   បន្ទាប់ពីកើតុហេតុភ្លាមៗឪពុក ម្តាយកុមារីរងគ្រោះមិនបានប្តឹងសមត្ថកិច្ចភ្លាមៗកោះទេរំលងបានពីរថ្ងៃទើបរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ ទើបធ្វើឲ្យគ្រូពេទ្យឯកជនត្បាញអាយមានឱកាសរត់គេចខ្លួនចោលផ្ទះបាត់។ បើតាមការស្រាវជ្រាវគ្រូពេទ្យឯកជនម្នាក់នេះ គ្មានជំនាញវិជ្ជាជីវៈត្រឹមត្រូវទេ រៀនចេះតៗគ្នា និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធីច្បាប់៕

Tags

Comment