• Today: November 21, 2024

ខឹងសួរមិនឆ្លើយយកដាវកាប់រងរបួសធ្ងន់ ជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីយកដាវកាប់ទៅលើយុវជនម្នាក់រងរបួសធ្ងន់ ដោយសារខឹងយុវជនរងគ្រោះសួរមិនឆ្លើយ។

ករណីនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង១៨និង៣០នាទី នៅចំណុចមុខបន្ទប់ជួលជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

    មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឡុង ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ រឿន ណាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ វត្ថុតាងចាប់យក៖ អាវុធកែច្នៃដាវ ប្រវែង០,៥៥ម៉ែត្រ ចំនួន០១ដើម(ជារបស់ជនសង្ស័យធ្វើសកម្មភាព)    ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ​ ជនរងគ្រោះកំពុងអង្គុយមើលទូរស័ព្ទនៅមុខបន្ទប់ជួលរបស់ខ្លួន ហើយជនសង្ស័យបានកាន់ដាវដើរសំដៅទៅសួរជនរងគ្រោះ ដើម្បីរកឈ្មោះ មាក់ ដែលត្រូវជាមិត្តភក្កិរបស់ជនរងគ្រោះ តែជនរងគ្រោះមិនឆ្លើយតបឡើយ ។ ភ្លាមនោះជនសង្ស័យខឹងពេក ក៏បានយកដាវធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកញ្ចឹងកមួយដាវ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ហើយជនសង្ស័យបានកាន់ដាវរត់គេចខ្លួនទៅខាងកើតភូមិ រួចយកដាវទៅលាក់ទុកក្បែរផ្ទះអ្នកភូមិ ។ ក្រោយមកជនសង្ស័យក៏បានដើរទៅផ្ទះមេភូមិ ហើយប្រាប់មេភូមិថាខ្លួនបានកាប់ទៅលើជនរងគ្រោះដាច់កបាត់ហើយ ភ្លាមនោះមេភូមិបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍បែនចាន បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បែកចាន សហការជាមួយកម្លាំងផ្នែកជំនាញ ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង នាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរបន្តតាមនីតិវិធីច្បាប់។

    តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរពិតប្រាកដមែន ដោយសារកន្លងមកជនរងគ្រោះធ្លាប់បានមើលងាយនិងញុះញង់ឲ្យអ្នកជិតខាងនិងបងប្អូនរបស់ខ្លួនឈ្លោះគ្នាជាច្រើនដងមកហើយ ទើបខ្លួនចាប់ផ្តើមមានគំនុំយ៉ាងខ្លាំងទៅលើជនរងគ្រោះតែម្តង។

   បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) មិនទាន់ដឹងខ្លួននៅឡើយទេ។  ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

Tags

Comment