• Today: November 21, 2024

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី វិជ្ជមានជំងឺកូវីដ-១៩


ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានប្រកាសថា បន្ទាប់ពីសម្តេចមានអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ក៏បានធ្វើតេស្តរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩។ 


នៅលើគេហទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង បានសរសេរថា "បងប្អូនជនរួមជាតិជាទីគោរព!ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ"។ 
សម្តេចក្រឡាហោមនាយករដ្ឋមន្ត្រីស្តីទី បានសរសេរទៀតថា "សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណា ក៏ដោយខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា"។ 
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយខ្ញុំនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយ។ 
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ រួមមាន៖ 
- លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ,លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ 
- លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ,លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ 
- លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៥៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០នាក់។ 
ចំពោះលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់  មាន ៩៥,៥៤%។ 
សូមបញ្ជាក់ថា អំពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ករណីឆ្លងថ្មី ០នាក់ ករណីជាសះស្បើយ ០នាក់ ,ករណីស្លាប់ ០នាក់៕

Tags

Comment