កំពង់ស្ពឺ៖ មន្ត្រីនគរបាលម្នាក់ បានរងរបួសធ្ងន់ ក្នុងពេលប្រតិប្តិការបង្ក្រាបក្រុមចោរ ចំនួន០៣នាក់ ដែលធ្វើសកម្មភាពប្លន់កន្លែងលក់មាស និងប្តូរប្រាក់មួយកន្លែង ស្ថិតនៅផ្សារត្រពាំងអណ្តើក ខេត្តតាកែវ បន្ទាប់បានសម្រេមព្យាយាមបើករថយន្តគេចខ្លួន ប៉ុន្តែមកជាប់អណ្ទាក់នគរបាលស្រុកបរសេដ្ឋ។
ប្រតិបត្តិការដ៏គ្រោះថ្នាក់ក្នុងការបង្ក្រាប់ករណីក្រុមចោរប្លន់ខាងលើ ធ្វើឡើងនៅថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានសហការចុះប្រតិបត្តិការណ៍ជាមួយកម្លាំងខេត្តតាកែវ បង្រ្កាបករណីឆក់ខ្សែកមាសនៅទូរលក់មាស និងប្តូរប្រាក់ ដែលកើតឡើងនៅចំណុចផ្សារត្រពាំងអណ្ដើក ខេត្តតាកែវ បង្កឡើងជនសង្ស័យ ចំនួន០៣នាក់ រួមមានដូចខាងក្រោម ៖
១- ឈ្មោះ គីម លីហួ ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកឡាន រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២- ឈ្មោះ សួន ពុទ្ធរិទ្ធ ហៅវីត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចាម សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
៣- ឈ្មោះ លី ខៀង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅសង្កាត់ជ្រោយចង្វ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
អធិការនគរបាលស្រុកបរសេដ្ឋ បានឱ្យដឹងថា ក្រុមចោរទាំង០៣នាក់ បានប្រើមធ្យោបាយរថយន្ត ០១គ្រឿង ម៉ាកព្រុស ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 2BP-3306 បានធ្វើសកម្មភាពឆក់ខ្សែកផ្លាកទីន ពីកន្លែងទូរលក់គ្រឿងអលង្កាបានសម្រេច រួចព្យាយាមបើករថយន្តគេចខ្លួន។ ប្រភពបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងអធិការនគរបាលស្រុកបរសេដ្ឋ បានសហការជាមួយកម្លាំងខេត្តតាកែវ ចុះកិច្ចប្រតិបត្តិការតាមគោលដៅសំខាន់ៗបានប្រទះឃើញមុខសញ្ញាសង្ស័យបានដេញតាមពីចំណុចមុខអធិការរហូតដល់ចំណុចជើងភ្នំល្អាង ស្ថិតក្នុងភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រុមជនសង្ស័យបានឈប់រថយន្តរួចរត់គេចខ្លួនឡើងភ្នំល្អាង តែត្រូវបានសមត្ថកិច្ចយើងតាមឃាត់ខ្លួនបាន ។
អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថា ក្នុងពេលកិច្ចប្រតិបត្តិការណ៍បង្ក្រាបក្រុមចោរខាងលើនោះធ្វើឲ្យរថយន្ត ចំនួន០៣គ្រឿង របស់កម្លាំងនគរបាលរងការខូចធ្ងន់ ស្រាល និងមន្រ្តីនគរបាលម្នាក់បានរងរបួសផងដែរ។ ប្រភពបន្តទៀថា រថយន្តដែលរងការខូចខាត រួមមាន៖ ទី១- រថយន្តរបស់លោក ឈុន វាសនា អធិការរងស្រុកបសេដ្ឋ ម៉ាក Ford ពណ៌ត្រាវ សេរីឆ្នាំ២០១៨ រងការខូចខាតធ្ងន់។ ទី២- រថយន្ត របស់លោក កឹម ថា អធិការរងព្រហ្មទណ្ឌ ម៉ាកលុចសីច RX330 ពណ៌ស សេរីឆ្នាំ២០០៤ រងការខូចខាតស្រាល និងទី៣- រថយន្តរបស់លោក ញ៉ែម សំណាង នាយប៉ុស្តិ៍ទួលសាលា ម៉ាកព្រុស ពណ៌ស សេរីឆ្នាំ២០០៤ រងការខូចខាតស្រាល។
អធិការនគរបាលស្រុកកបរសេដ្ឋ ឱ្យដឹងបន្ថែមទៀតថា មន្រ្តីនគរបាលដែលរងរបួសក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរនោះមានឈ្មោះ យួន សុផា អធិការរងរបួសធ្ងន់សន្លប់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
វត្ថុតាងដកហូបពីជនសង្ស័យ រួមមានដូចខាងក្រោម ៖ រថយន្តម៉ាកព្រុស ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ ០១គ្រឿង ,ស្លាកលេខមុខក្រោយ ចំនួន០២សន្លឹក លេខភ្នំពេញ 2BP-3306 នៅក្នុងរថយន្ត ,ខ្សែកផ្លាកទីន ចំនួន០១ខ្សែ។
ចំពោះជនសង្ស័យខាងលើ កម្លាំងព្រហ្មទណ្ឌស្រុកបសេដ្ឋ បានប្រគល់ជូនអធិការនគរបាលស្រុកត្រាំកក់ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
Comment