• Today: November 21, 2024

ជើងខ្លាំងប្រចាំភូមិ! ផឹកប៉ះស្រាកាចស្រវឹងចូលអុកឡុកវាយកម្ទេចទ្រព្យសម្បត្តិ និងសម្ភារៈក្នុងមណ្ឌលសុខភាព «ពាមមានជ័យ» ត្រូវជាប់ខ្នេះ

ព្រៃវែង៖ បុរសជើងខ្លាំងប្រចាំភូមិផឹកស្រាប៉ះចំស្រាកាចចូលទៅអុកឡុក និងវាយបំផ្លិចបំផ្លាញកម្ទេចទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗក្នុងមណ្ឌលសុខភា «ពាមមានជ័យ» បង្កឱ្យក្រុមគ្រួពេទ្យប្រចាំការភ័យស្លន់ស្លោរប្តឹងនគរបាលអន្តរាគមន៍ ឃើញសភាពការណ៍មិនសូវអំណោយផល ជនបង្កបានដើរទៅដេកនៅផ្ទះយ៉ាងប្រងើយ។

សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កការអុកឡុងក្នុងមណ្ឌលសុខភាពផ្អើលគ្រូពេទ្យទាំងយប់នោះ មានឈ្មោះ សរ វិសិដ្ឋ ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅមុខមណ្ឌលសុខភាព ក្នុងឃុំពាមមានជ័យ ស្រុកពាមរក៍​ ខេត្តព្រៃវែង ជាជនប្រមឹកខួបស្រវឹងគ្មានថ្ងៃស្វាងហើយកន្លងមកអាជ្ញាធឃុំ និងប៉ុស្តិ៍រដ្ឋបាលហៅយកទៅអប់រំ ធ្វើកិច្ចសន្យាច្រើនលើកមិនរៀងមិនចាល់ឡើយ។

ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាព «ពាមមានជ័យ» បានឱ្យដឹងថា នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ កន្លងមក ពេលក្រុមគ្រួពេទ្យប្រចាំការពេលយប់ដេកស្រាប់តែមានជនសង្ស័យម្នាក់មានឈ្មោះ សរ វិសិដ្ឋ ដើរចូលក្នុងមណ្ឌលសុខភាព ក្នុងស្ថានភាពស្រវឹងស្រាដាបខ្លួនយកដុំថ្មគប់ចូលជញ្ជាំងអគារមណ្ឌលសុខភាព ហើយពេលគ្រូពេទ្យសួរនាំរកមូលហេតុជននេះបានដាល់បំបែកកញ្ចក់អគារបង្អួចអស់២ផ្ទាំង និងបន្តគប់ ព្រមទាំងវាយបំបែកកញ្ចក់ជុំវិញអាគារមណ្ឌលសុខភាព អស់គ្មានសល់ បង្កភាពរញ៉េរញៃពេញមន្ទីរពេទ្យ ទើបទូរស័ព្ទប្តឹងទៅប៉ូលិសប៉ុស្តិ៍ជួយអន្តរាគមន៍ ភ្លាមៗនោះជនសង្ស័យបានដើរទៅផ្ទះវិញរួចចូលដេកស្ងាត់ឈឹង លុះព្រឹកថ្ងៃទី០៤ ខែមេសា ជនបង្កការអុកឡុងក្នុងមណ្ឌលសុខភាព ត្រូវបាននគរបាលឃាត់ខ្លួនតែម្តង។

មន្ត្រីក្រុមប្រឹក្សាឃុំពាមមានជ័យ បានឱ្យដឹងដែរថា បុរសឈ្មោះ សរ វិសិដ្ឋ ជាមនុស្សស្រវឹងខួបប្រចាំភូមិ រករឿងប្រពន្ធកូន ដើរអុកឡុកក្នុងភូមិ ធ្លាប់វ៉ៃក្រុមតន្ត្រីសម័យផ្អើលរោងការ និងបុគ្គលិកធនាគារមកទារលុយក៏ជននេះដេញវាយផ្អើលពេញភូមិដែរ។ កន្លងមកអាជ្ញាធរឃុំ និងប៉ុស្តិ៍ធ្លាប់ហៅយកទៅអប់រំ ធ្វើកិច្ចសន្យាចំនួន០៤ដង ប៉ុន្តែមិនកែប្រែចរិក និងមិនរាងចាលឡើយហើយលើកនេះសង្ឃឹមថា សមត្ថកិច្ចនឹងយកទៅកែប្រែយូបន្តិចដើម្បីឱ្យរាងចាលបញ្ឈប់ទំលាប់អាក្រក់បែបនេះទៀត។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកពាមរក៍ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Tags

Comment