• Today: November 21, 2024

តុលាការសម្រេចឃុំខ្លួនផ្កាយពីរក្លាយក្លាយអួតជាជំនួយការផ្ទាល់មេបញ្ជាការកងទ័ពជើងគោក ដើរបោកលុយគេចូលក្របខណ្ឌ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោក្លែងក្លាយម្នាក់ និងបានប្រើឈ្មោះជាជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការរថកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។

តាមពិតជនសង្ស័យខាងលើ គ្រាន់តែជាអ្នករកស៊ីគួកជេរដី និងជាអ្នកបើកបររថយន្តឲ្យគេប៉ុណ្ណោះ បែរជាថ្លើមធំហ៊ានក្លែងបន្លំខ្លួនជាឧត្តមសេនីយ៍ទោ និងអួតក្អេងក្អាងខ្លួនមានតួនាទីជាជំនួយការផ្ទាល់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដើរបោកប្រាស់ប្រាស់ប្រជាពលរដ្ឋយកលុយរហូត១ម៉ឺនដុល្លារធានារត់ការចូលក្រមខណ្ឌរដ្ឋទាំងបំពានច្បាប់។

លោកផ្កាយពីរសេះហោះរូបនោះ មានឈ្មោះ ផន ច័ន្ទផានិត អាយុ ៤២ឆ្នាំ ជាអ្នករកស៊ីគួកជេរដី និងបើកបររថយន្ត ស្នាក់នៅផ្ទះលេខ៦B ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមរំឭកថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់សុំប្តឹងឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និងក្លែងឯកសារសារធារណៈ ដោយជនសង្ស័យរូបនេះអះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិឧត្តមសេនីយ៍ទោ ជាដៃស្តាំឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ហើយអាចជួយឲ្យជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ចំនួន ១០ ០០០ ដុល្លារអាមេរិក។ 

ជនសង្ស័យក៏បានបង្ហាញរូបថតដែលខ្លួនថតជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និងថតជាមួយថ្នាក់ដឹកនាំផ្សេងទៀតទៅឱ្យជនរងគ្រោះមើល ទើបធ្វើឲ្យជនរងគ្រោះមានការជឿទុកចិត្ត ព្រមប្រគល់ប្រាក់ជាដំណាក់កាលឲ្យទៅជនសង្ស័យ ដើម្បីរត់ការចូលក្របខណ្ឌហើយជនសង្ស័យបានឲ្យជនរងគ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន រូបថត និងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខណ្ឌ។  

ក្រោយពីទទួលលុយពីជនរងគ្រោះ និងឯកសារថាយកទៅរត់ការចូលក្របខណ្ឌ ជនសង្ស័យក៏ប្រគល់អត្តសញ្ញាណប័ណ្ណកងទ័ព និងលិខិតបញ្ជាបេសកកម្មទៅឱ្យជនរងគ្រោះប្រើប្រាស់ លុះក្រោយមកទៀត ជនរងគ្រោះបានសួររកប្រាក់ខែរដ្ឋ អង្គភាព និងមេកើយ ស្រាប់តែជនសង្ស័យប្រាប់ថា ចាំសួរថ្នាក់លើឲ្យ និងរកលេសដោះសាររហូត ទើបជនរងគ្រោះដឹងថា ខ្លួនត្រូវបានចាញ់បោកគេ ក៏ដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។

បន្ទាប់មានបណ្តឹងសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថភ្នំពេញ ក៏បើកការ ស្រាវជ្រាវជាបន្ទាន់ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត នៅចំណុចមុខផ្សារបុរី ពិភពថ្មីកំបូល៣ ស្ថិតក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ 

នៅទីបំផុត ជនសង្ស័យរូបនេះ ជាអ្នកគួកជេរដី និងជាតៃកុងឡានតែប៉ុណ្ណោះ ពុំមែនពាក់ផ្កាយពីរដូចការអួតអាងនោះទេ ហើយនៅពេលឃាត់ខ្លួន សមត្ថកិច្ចក៏ចាប់យកអាវុធខ្លី កែច្នៃ១ដើម ពុំមានម៉ាក និងឯកសារក្លែងមួយចំនួនផងដែរ។

ជនសង្ស័យនេះ សារភាពថា «ខ្លួនពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូលក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនោះ គឺខ្លួនបានក្លែងឯកសារទាំងអស់ប្រគល់ឲ្យជនរងគ្រោះ និងទើបទទួលប្រាក់ពីជនរងគ្រោះតែ ៨ ០០០ ដុល្លារអាមេរិកប៉ុណ្ណោះទេ»។

ករណីដែលកើតឡើងនេះ គឺដូចគ្នាទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលធ្លាប់បានចែករំលែកនៅក្នុងផេកផ្ទាល់ខ្លួនរបស់ឯកឧត្តមថា «បញ្ហាមួយដែលបានកើតឡើងជារឿយៗ ជាច្រើនឆ្នាំមកហើយ គឺការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ (រួមទាំងរូបខ្ញុំផ្ទាល់) ពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តនូវអំពើមិនល្អ ដែលពេលខ្លះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋដទៃទៀត យើងត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះ»។

ដូច្នេះតាមរយៈសារដ៏មានតម្លៃរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នេះ គឺជាជំនួយស្មារតីក្នុងការដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសារធារណជនទូទៅ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យចាញ់បោកជនទុច្ចរិត ដោយត្រឹមតែឃើញរូបថតដែលថតជាមួយថ្នាក់ដឹកនាំ ឬឥស្សរជនសំខាន់ណាមួយឲ្យសោះ៕

Tags

Comment